ព្រៃវែងៈ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៨ និង ០០ នាទី មានករណីជនសង្ស័យម្នាក់ ជិះម៉ូតូ១គ្រឿង ធ្វើសកម្មភាព ឆក់យកខ្សែកក្មេងស្រីម្នាក់បានសម្រេច នៅតូបលក់ដូរមួយកន្លែង ស្ថិតក្នុងភូមិព្រៃរូង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
ជនសង្ស័យឈ្មោះ សុខ វ៉ាយុ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិត្រពាំងដង្ហិត ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង ។ ចំណែកជនរងគ្រោះឈ្មោះ ជាង ស្រីកា ភេទស្រី អាយុ១០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។
ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យម្នាក់បានជិះម៉ូតូ១គ្រឿង ធ្វើដំណើរទិសដៅពីកើតទៅលិច លុះពេលធ្វើដំណើរទៅដល់ចំណុចភូមិព្រៃរូង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បន្ទាប់មកជនសង្ស័យ ក៏បានឈប់ទិញខារ៉ាបាវនៅតូបលក់ដូរចំនួន២លើក នៅមុខផ្ទះឈ្មោះ កូយ សៅកង ហើយជនសង្ស័យក៏បានជិះម៉ូតូមកទិញម្តងទៀត ជាលើកទី៣ រួចក៏បានធ្វើសកម្មភាព ឆក់ខ្សែកកូនស្រីរបស់គាត់ឈ្មោះ ជាង ស្រីកា ភេទស្រី អាយុ១០ឆ្នាំ បានសម្រេច និងបណ្ដាលអោយជនរងគ្រោះរបួសជាំក ។ ពេលនោះម្ដាយជនរងគ្រោះ ក៏បានស្រែកឆោឡោ ធ្វើអោយប្រជាពលរដ្ឋដេញតាម និងបានរាយការណ៍ទៅសមត្ថកិច្ច សមត្ថកិច្ចក៏បានចេញស្ទាក់រុករកឃើញ និងដេញចាប់បាននៅចំណុចភូមិក្រាំងចំបក់ ឃុំពានរោង ហើយក៏នាំខ្លួនជនសង្ស័យ យកទៅកាន់អធិការដ្ឋាន ដើម្បីធ្វើការសាកសួរ ។
វត្ថុតាងដកហូតបាន៖ ខ្សែកបណ្តោងរូបព្រះពណ៌ខ្មៅ និងដកហូតម៉ូតូជនសង្ស័យ១គ្រឿង ម៉ាកឡែត ពណ៌ស ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់