ព័ត៌មានជាតិ

រថយន្តតូច ៣គ្រឿង បុកគ្នាបណ្ដាលឲ្យមនុស្សរងរបួស នៅស្រុកព្រៃនប់

ព្រះសីហនុ: នៅវេលាម៉ោង ៦និង៤៥នាទីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ៣គ្រឿង លើដងផ្លូវជាតិលេខ៤ ស្ថិតត្រង់ចន្លោះគីឡូម៉ែត្រលេខ២០០-២០១ ភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រថយន្តម៉ាក SSANGYONG ពណ៌ស ពាក់ស្លាក លេខភ្នំពេញ 2AT-5358 បើកបរដោយឈ្មោះ ណុប រៀន ភេទប្រុស អាយុ ៣៨ឆ្នាំ (រងរបួស) មានទីលំនៅភូមិស្រែចាមលើ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
រថយន្តម៉ាក LEXUS RX ៣០០ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2T-4688 (អ្នកបើកបររត់គេច)។
រថយន្ត HIGHLANDER ពណ៌ខ្មៅ បើកបរដោយឈ្មោះ ញ៉ សុខជា ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិតាំងក្រង់ ឃុំស្វាយទាប ស្រុកចម្ការលើ ខេត្តកំពង់ចាម។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្ត SSANGYONG ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ពីព្រះសីហនុទៅភ្នំពេញ ខណ:កំពុងធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែបុករថយន្ត LEXUS RX ៣០០ បណ្ដាលឲ្យរថយន្ត LEXUS RX ៣០០ នោះត្រូវបានរថយន្ត HIGHLANDER កំពុងធ្វើដំណើរស្របទិសគ្នាបុកបន្ថែម រងការខូចខាត។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់