ភ្នំពេញៈ ស្ត្រីម្នាក់ជាប្រពន្ធដើម បានតាមទាន់ប្ដីមានប្រពន្ធចុង នៅក្នុងបុរីពិភពថ្មី កំពុងជួបជុំគ្នាផឹកស៊ី ផ្លូវលេខ១៩ ផ្ទះលេខ៧៧ បង្កជាហិង្សាវាយគ្នាមួយប្រាវ សំណាងល្អមិនមានរបួស ប្ដីចេញអន្តរាគមន៍មកចាប់ប្រពន្ធចុងចូលក្នុងផ្ទះវិញ ។
ហេតុការណ៍នេះបង្កភ្ញាក់ផ្អើល កាលវេលាម៉ោង១០និង១០នាទីយប់ថ្ងៃ អង្គារ ទី២៥ ខែ ឧសភា ឆ្នាំ២០២១ ស្ថិតក្នុងបុរីពិភពថ្មី ផ្លូវលេខ១៩ ផ្ទះលេខ៧៧ សង្កាត់ព្រៃស ខណ្ឌដង្កោ ។
តាមប្រភពពីស្ត្រីរងគ្រោះ ជាប្រពន្ធដើមបានឲ្យអ្នកសារព័ត៌មានដឹងថា ប្ដីរបស់គាត់បានលួចលាក់ទាក់ទងស្រីជាប្រពន្ធចុង រយៈពេលជាងមួយឆ្នាំមកហើយ មានថ្ងៃមួយគាត់បានតាមទាន់ឃើញកំពុងផឹកស៊ីជាមួយគ្នា ហើយស្រីជាប្រពន្ធចុងបានឌឺដងដាក់គាត់ ថែមទាំងគប់គាត់មួយកែវចំចិញ្ចើមខាងស្ដាំ បណ្ដាលរងរបួសដេរដល់ទៅដប់ថ្នេរ ដោយសារមានការលួងលោមពីប្ដីរបស់គាត់ កុំឲ្យដាក់ពាក្យបណ្ដឹង ហើយប្ដីរបស់គាត់សន្យាថា និងឈប់ទាក់ទងគ្នាទៀត ហើយគាត់សុខចិត្តតាមលោកប្ដីកំហូចក៏មិនប្ដឹងផ្ដល់ដែរ ។
ប្រភពបន្តទៀតថា ស្រាប់តែនៅយប់កើតហេតុ គាត់បានបើករថយន្តព្រូសមួយគ្រឿង បើកបរក្នុងបុរីពិភពថ្មី បានក្រឡេកឃើញផ្លាកលេខរថយន្តព្រូសរបស់គាត់ ពណ៌ផ្ទៃមេឃ ពាក់ផ្លាកលេខភ្នំពេញ 2AZ 1072 ពេលឃើញរថយន្តហើយ គាត់គិតថាប្ដីគាត់ពិតជានៅក្នុងផ្ទះនេះ ជាមួយស្រីជាប្រពន្ធចុងហើយមើលទៅ គាត់បានឈប់រថយន្តមកមើល ស្រាប់តែឃើញប្ដីរបស់គាត់កំពុងជួបជុំគ្នាផឹកស៊ី គាត់រកកន្លែងចតរថយន្តត្រឹមត្រូវរួច ក៏ ដើរសំដៅទៅហៅប្ដី ដើម្បីដោះស្រាយគ្នាសិន ស្រាប់តែស្រីជាប្រពន្ធចុងចេញមកជេរគាត់ រួចចូលទៅខាងក្រោយផ្ទះ យកទឹកមួយការធុនមកជះលើមុខគាត់ រួចធ្វើសកម្មភាពវាយក្បាលគាត់ក កើតជារឿងវាយប្រតាយប្រតប់គ្នា ដូចច្នោះប្ដីរបស់គាត់ចេញពីក្នុងផ្ទះមកចាប់ប្រពន្ធដើមទៅម្ខាង រួចចាប់ប្រពន្ធចុងចូលក្នុងផ្ទះ ដាក់គន្លឹះទ្វារជាប់ មួយសន្ទុះប្ដីចេញមកខាងក្រៅវិញ បម្រុងយករថយន្តបើកចេញ តែប្រពន្ធឃាត់មិនឲ្យទៅ ចាំសមត្ថកិច្ចមកដោះស្រាយគ្នាសិន តែប្ដីនៅតែមិនស្ដាប់ ណាមួយខ្មាសគេផងសុខចិត្តដើរចេញបាត់ទៅ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ផ្ទះកើតហេតុខាងលើ ក៏បានឲ្យស្ត្រីរងគ្រោះជាប្រពន្ធចុង ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋាបាលព្រៃសរ រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕
មតិយោបល់