ព័ត៌មានជាតិ

មនុស្សស្លាប់ដោយសារព្យុះទីហ្វុង Rai កើនឡើងដល់ ៧៥នាក់ នៅហ្វីលីពីន

(ម៉ានីល)៖ អាជ្ញាធរនៅក្នុងប្រទេសហ្វីលីពីន នៅថ្ងៃអាទិត្យនេះបានឱ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៧៥នាក់ហើយ ដោយសារខ្យល់ព្យុះទីហ្វុង រ៉ៃ (Rai) ដែលបានបង្កឱ្យមានគ្រោះទឹកជំនន់លិចភូមិជាច្រើន នៅតំបន់ភាគខាងត្បូង និងភាគកណ្ដាលនៃប្រទេសដីកោះនេះ។

បើតាមអាជ្ញាធរហ្វីលីពីន មនុស្សរហូតដល់ទៅជាង ៣០០,០០០នាក់ ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព។ ព្យុះទីហ្វុង Rai បានក្លាយជាកំពូលព្យុះ ទីហ្វុងកំណាច «super typhoon» នៅពេលវាបក់បោកវាយប្រហារលើកោះ Siargao កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជាមួយល្បឿនខ្យល់បក់ ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្រៅពីបានបង្កឲ្យមនុស្សស្លាប់ ព្យុះមួយនេះក៏បានបង្កការខូចខាត ព្រមទាំងធ្វើឱ្យប្រជាជនរស់នៅតាមតំបន់ជាច្រើន ក្នុងប្រទេសហ្វីលីពីន គ្មានអគ្គីសនីប្រើប្រាស់ផងដែរ។

ហ្វីលីពីនគឺជាប្រទេសមួយ ដែលតែងតែរងគ្រោះជាញឹកញប់ ដោយខ្យល់ព្យុះទាំងធ្ងន់ និងស្រាល ដោយក្នុងមួយឆ្នាំៗមានព្យុះយ៉ាងហោចចំនួន ២០ បានវាយប្រហារលើប្រទេស ស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ៕

ប្រភព៖ AFP

 

មតិយោបល់