ព្រះវិហារៈ លោក អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរទិវាអតីតយុទ្ធជនកម្ពុជា ខួបលើកទី៩ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ក្រោមប្រធានបទ “រៀនសូត្រតាមគំរូវីរភាពរបស់អតីតយុទ្ធជនកម្ពុជា” នៅស្នងការដ្ឋាននគរបាលខេត្តនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ និងអតីតយុទ្ធជនសរុបប្រមាណ៣០០នាក់។
ទិវាអតីតយុទ្ធជនកម្ពុជា ត្រូវបានធ្វើឡើងដើម្បីរំឭកដល់គំរូវីរភាពដ៏អង់អាចក្លាហាន មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន-យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានធ្វើពលិកម្មបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។
ក្នុងឱកាសនេះដែរលោកអភិបាលខេត្តបានឧបត្ថម្ភជូនអតីតយុទ្ធជនចូលរួម១៥០នាក់ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៤០.០០០៛ ។ ផ្តល់ថវិកាបេឡាមរណៈសង្រ្គោះជូនគ្រួសារសព៣គ្រួសារមួយគ្រួសារៗទទួលបានថវិកា៤.០០០.០០០៛៕
មតិយោបល់