ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចចុះប្រតិបត្តិការ បង្ក្រាបជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងលួចកាច់កម៉ូតូ

កណ្តាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃពុធ ១៥ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ មានកិច្ចប្រតិបត្តិការបង្ក្រាបករណីប៉ុនប៉ងលួច កាច់កម៉ូតូ ចំណុចលើផ្លូវជាតិលេខ៦ មុខឡឥដ្ឋរបស់ឈ្មោះ ព្រាប កុយ ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ជនសង្ស័យ០២នាក់៖ ១.ឈ្មោះ ឆក ស៊ីណា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃ ភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ២.ឈ្មោះ គីន សំណាង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖ ១.ម៉ូតូម៉ាក NEX II ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ1HY-1321ចំនួន០១គ្រឿង ជាមធ្យោបាយរបស់ជនសង្ស័យ ។ ២.សោបំពង់លេខ១០ ចំនួន០១ ។ ៣.ដែកសម្រាប់បំបែកគ្រាប់សោចំនួន០១ ។
៤.ទូរស័ព្ទម៉ាកVIVO ពណ៌ផ្ទៃមេឃចំនួន០១ ។ ៥.ទូរស័ព្ទម៉ាកOPPO ពណ៌ខ្មៅចំនួន០១។ ៦.មួកសុវត្ថិភាពចំនួន០២ ។

នៅថ្ងៃទី២៦ ឧសភា ឆ្នាំ២០២១វេលាម៉ោង០១និង០០នាទីយប់ លោកវរ:សេនីយ៍ទោ ឃុន បូរិន អធិការរងបានដឹកនាំកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលព្រែកអញ្ចាញ និងប្រជាការពារ ក្រោមការចង្អុលបង្ហាញរបស់លោកអធិការ បានចេញល្បាតក្នុងភូមិសាស្ត្រស្រុក រហូតដល់វេលាម៉ោង០១និង៣០នាទីយប់ ក៏បានជួបជនសង្ស័យទាំង០២នាក់ខាងលើ កំពុងជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតនៅចំណុចកើតហេតុខាងលើ ដោយមានការសង្ស័យ កម្លាំងក៏បានឃាត់ជនសង្ស័យទាំង០២នាក់ ហើយធ្វើការឆែកឆេរ ក៏ឃើញមានសម្ភារ: សម្រាប់កាច់កម៉ូតូជាប់នៅនឹងខ្លួន របស់ជនសង្ស័យឈ្មោះ ឆក ស៊ីណា បន្ទាប់មកកម្លាំងក៏បាននាំជនសង្ស័យទាំង០២នាក់ និងម៉ូតូយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឆក ស៊ីណា បានឆ្លើយសារភាពថា ក្នុងអំឡុងឆ្នាំ២០០២ ខ្លួននិងបក្ខពួកឈ្មោះ សយ ឆែម បានដើរធ្វើសកម្មភាពកាច់កម៉ូតូ នៅខេត្តកំពង់ចាមចំនួន០៩លើក ក្រោយពីធ្វើសកម្មភាពបានក៏យកម៉ូតូទាំងនោះទៅលក់ឲ្យឈ្មោះ ណាង នៅស្រុកមេមត់ ដោយលក់បានតម្លៃចាប់ពី២៥០$ ទៅ ៤៥០$ដុល្លារ ក្នុង០១គ្រឿង រហូតមកដល់ឆ្នាំ២០០៣ ក៏ត្រូវសមត្ថកិច្ចខេត្តកំពង់ចាម ចាប់ដាក់ពន្ធនាគារ ពីបទ លួច (កាច់កម៉ូតូ) ទាំង០២នាក់ ។

ដល់ឆ្នាំ២០០៥ ជនសង្ស័យឈ្មោះ ឆក ស៊ីណា បានចេញពីពន្ធនាគា ហើយក៏ទៅរស់នៅជាមួយប្រពន្ធនៅភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ឆ្នាំ២០២០ ជនសង្ស័យឈ្មោះ ឆក ស៊ីណា និងឈ្មោះ គីន សំណាង បាននាំគ្នាទៅធ្វើសកម្មភាពកាច់កម៉ូតូ បានចំនួន០៤ គ្រឿង នៅព្រែកក្តាម តាមបណ្ដោយផ្លូវជាតិ និងតាមវាលប្រាំង នៅខាងកើតស្ពានចំនួន០២គ្រឿង គឺម៉ូតូម៉ាកហុងដាC125 ស៊េរីឆ្នាំ២០០៥ ចំនួន០១គ្រឿង និងស៊េរីឆ្នាំ២០១៦ ចំនួន០១គ្រឿង នៅផ្សាររកាកោង ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល បានចំនួន០១គ្រឿង ម៉ូតូម៉ាកហុងដាC125 ស៊េរីឆ្នាំ២០១៧ ហើយម៉ូតូដែលលួចបានទាំង០៣គ្រឿងនេះ គឺយកទៅលក់ឲ្យគេមិនស្គាល់ឈ្មោះ នៅឃ្លាំងរំសេវរាជធានីភ្នំពេញ ដោយបានតម្លៃចាប់ពី៣០០$ ទៅ ៤០០$ និង០១គ្រឿងទៀត លួចបាននៅតាមវាលស្រែក្នុងខេត្តកំពង់ធំ ហើយយកទៅលក់ឲ្យឈ្មោះ ណាង នៅស្រុកមេមត់ដដែល ដោយចាប់ផ្ដើមធ្វើសកម្មភាព ពីវេលាម៉ោង១៤និង០០នាទី ដល់វេលាម៉ោង០៤និង០០នាទី ទៀបភ្លឺទើបត្រឡប់ចូលផ្ទះវិញ ។

រហូតមកដល់ថ្ងៃទី២៦.០៥.២០២១ វេលាម៉ោង០១និង៣០នាទីយប់ ជនសង្ស័យទាំង០២នាក់ បានជិះម៉ូតូគោលបំណង ដើរកាច់កម៉ូតូបន្តទៀត លុះមកដល់ចំណុចកើតហេតុខាងលើ ទៅកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានតែម្ដង ។

ករណីនេះជំនាញ និងប៉ុស្តិ៍កំពុងកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់