ព័ត៌មានជាតិ

កាមរីឆ្លាម បុកម៉ូតូសិស្សសាលា ធ្លាក់ចូលទឹកប្រឡាយ រងរបួសធ្ងន់មនុស្ស៣នាក់ នៅខេត្តស្វាយរៀង

ស្វាយរៀងៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូ បណ្តាលឲ្យធ្លាក់ចូលទឹកប្រឡាយ របួសធ្ងន់ ៣នាក់ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅភូមិបន្លាស្អិត ឃុំច្រេស ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

ម៉ូតូម៉ាក HONDA C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១k ០៥៤៧ បើកបរដោយឈ្មោះ យ៉េត ស្រីពេជ ភេទស្រី អាយុ ១៤ឆ្នាំ មុខរបរសិស្ស (របួស) និងអ្នករួមដំណើរឈ្មោះ វិន វត្តី ភេទស្រី អាយុ១០ឆ្នាំ មុខរបរសិស្ស (របួស) អ្នកទាំង២ រស់នៅភូមិត្រពាំងរុន ឃុំច្រេស ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

អ្នកបើករថយន្តឈ្មោះ ឆក សុផល អាយុ ៥០ឆ្នាំ មុខរបរកសិកររស់នៅ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង (រងរបួសធ្ងន់) ។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកកាមរីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២H.៤០៧៤ ធ្វើដំណើរពីត្បូងទៅជើង ក្នុងល្បឿនលឿនមិនប្រកាន់ស្ដាំ ទៅបុកម៉ូតូខាងលើ ជិះដោយនារី២នាក់ ក្នុងទិសដៅបញ្ច្រាសគ្នា យ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តហោះ ខ្ទាតធ្លាក់ចូលទឹកប្រឡាយ ចំណែកមនុស្សរងរបួសធ្ងន់៣នាក់។

ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែង និងបញ្ជូនអ្នករងរបួស ទៅមន្ទីរពេទ្យបង្អែកជីភូ ក្រុងបាវិត ចំណែកវត្ថុតាងរថយន្ត និងម៉ូតូ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកចន្ទ្រា ដើម្បីដោះស្រាយពេលក្រោយ៕

មតិយោបល់