ក្រុមបាល់ទាត់អេស្ប៉ាញ Villarreal បានក្លាយជាជើងឯកពានរង្វាន់ UEFA Europa League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប បន្ទាប់ពីការប្រកួតវគ្គផ្ដាច់ព្រ័ត្រដ៏តានតឹងយកឈ្នះ Manchester United ដោយបាល់ ១១ម៉ែត្រគ្រាប់ទី១១ ចុងក្រោយដែលទាត់ដោយអ្នកចាំទីក្រុមទាំងសងខាង។

នេះជាការបង្ហាញខ្លួនលើកដំបូងនៅវគ្គផ្តាច់ព្រ័ត្រសំរាប់ Villarreal នៅក្របខណ្ឌអឺរ៉ុប តែមិនមែនជាលើកដំបូងសំរាប់អ្នកចាត់ការ Unai Emery ឡើយដែលធ្លាប់ដឹកនាំ Sevilla លើកពាន Europa League ៣សម័យជាប់គ្នា។

Gerard Moreno គឺជាអ្នកបើកការនាំមុខមុនឲ្យ Villarreal នៅនាទីទី២៩ ដែលជាគ្រាប់ទី៣០ របស់គេក្នុងរដូវកាលនេះ មុនពេលដែល Edinson Cavani តាមស្មើវិញនៅវគ្គទី២ នាទីទី៥៩ ដែលជាគ្រាប់ទី១៦ របស់គេក្នុងការបង្ហាញខ្លួន ១១ប្រកួតចុងក្រោយ ហើយក្រុមទាំងពីរក៏រក្សាលទ្ធផល ១-១ រហូតចប់ការប្រកួត និងបន្ថែម ១៥នាទី ២ដងនៅតែស្មើគ្នា។ ឈានដល់វគ្គ ១១ម៉ែត្រកាត់សេចក្តីការប្រកួតនៅតែតានតឹង បន្ទាប់ពីកីឡាករ ១០នាក់ទាំងសងខាងសុទ្ធតែស៊ុតបានសំរេច ហើយក៏សំរេចចុងក្រោយដោយអ្នកចាំទី។ អ្នកចាំទី Villarreal, Gemorino Rulli ស៊ុតមុនបានសំរេចតែអ្នកចាំទី Manchester United, David de Gea ធ្វើមិនបានសំរេចឡើយដោយ Rulli សង្គ្រោះបានធ្វើឲ្យ Villarreal ស្គាល់ពាន UEFA Europa League លើកដំបូង។

មតិយោបល់