ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយបុរសម្នាក់ បានបើកម៉ូតូទៅបុកចំគូទរថយន្តស៊ីនទ្រីដែលកំពុងឈប់ប្រមូលសម្រាមតាមដងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗយ៉ាងអាណោចអាធម័ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥៥ នាទីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តស៊ីនទ្រី បានបើកមកឈប់ប្រមូលសម្រាមនៅមុខស្ថានីយប្រេងឥន្ទនៈតេលា ខណៈកំពុងប្រមូលសម្រាមដាក់លើរថយន្ត ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក ស្មាសពណ៌ខ្មៅ ពាក់ស្លាកលេខ1AU-9187 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនយ៉ាងលឿនជ្រុលទៅបុកគូទរថយន្តស៊ីនទ្រី ពេញទំហឹងលាន់ឭដូចរន្ទះ បណ្តាលឲ្យអ្នកបើកបររួមនិងម៉ូតូ គៀបជាប់ជាមួយគូទរថយន្ត ឃើញដូចនោះកម្មករស៊ីនទ្រីរួមនិងប្រជាពលរដ្ឋបាននាំគ្នាជួយលើកជនរងគ្រោះ ក្នុងបំណងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ប៉ុន្តែជាអកុសលជនរងគ្រោះបានដងចង្កាមាន់ ដាច់ខ្យល់ស្លាប់ភ្លាមៗនៅនឹងកន្លែងបាត់ទៅហើយ ។
ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍មូលដ្ឋាន សហការជាមួយនឹងនគរបាលចរាចរណ៍រាជធានីភ្នំពេញ ចុះមកធ្វើការពិនិត្យនិងវាស់វែង ដល់កន្លែងកើតហេតុ បាននាំយកម៉ូតូនិងរថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់