ភ្នំពេញៈ កាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់បើក ផាស្អាប់បុករថយន្តកុងតឺន័រពីក្រោយ បណ្ដាលឲ្យស្លាប់ភ្លាមៗ ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវ មហាវិថី វិមាន ឈ្នះ ឈ្នះ ចំណុចច្រកផែស្ងួតតេងឡាយថ្មីក្នុង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ គឹម សុន ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ រត់កង់បីឥណ្ឌា ស្នាក់នៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតឯខេត្តស្វាយរៀង។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញជនរងគ្រោះបើកបរកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IM-5598 ធ្វើដំណើរពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះពេលមកដល់ចំណុចកើតហេតុ បានជ្រុលបុករថយន្តកុងតឺន័របស់ក្រុមហ៊ុនផែស្ងួត តេង ឡាយ ក្បាលពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-7425 ចតលើចិញ្ចើមផ្លូវពីក្រោយពេញទំហឹងបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកចំណុចកើតហេតុ បានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ស្នងការាជធានីភ្នំពេញ មកវាស់វែងយកវត្ថុតាងរថយន្តកុងតឺន័រ និងកង់បីឥណ្ឌាយកទៅរក្សាទុករង់ចាំដោយស្រាយតាមផ្លូវច្បាប់ ចំពោះសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕










មតិយោបល់