នៅថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ២០២១ វេលាម៉ោង១៤និង៣០នាទីនៅចំណុចភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង មានស្នូរផ្ទុះយ៉ាងកក្រេីកដីជាហេតុ បង្កឱ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងអាជ្ញាធរមានសមត្ថកិច្ចនៅទី នោះ។
ស្ងាត់សម្លេងផ្ទុះនេះភ្លាមបុរសម្នាក់ឈ្មោះ ប៊ន សុ គា ភេទប្រុស អាយុ២៨ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននេះបានស្លាប់ រីឯឈ្មោះ ហង់ លីហ័រ ភេទប្រុស អាយុ២៦ឆ្នាំ ជាអ្នកជិតខាងរួមដំណើរជាមួយគ្នា ទទួលរងរបួសធ្ងន់ ចំណែកគោយន្តត្រូវបានបំផ្លាញខ្ទេចខ្ទីដោយសារកម្លាំងផ្ទុះនៃគ្រាប់ មីនតោន។
ទទួលបានព័ត៌មានច្បាស់អំពីរឿងហេតុ ដ៏រន្ធត់ នេះលោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរ បាលស្រុកសំឡូតបានរាយការណ៍បន្ទាន់ជូនលោកឧត្តមសេនីយ៍ទោ សាតគឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានជ្រាប និងសុំយោបល់អនុវត្តបន្ត។
ក្រោមយោបល់ណែនាំរបស់លោកស្នងការ លោកអធិការនគរបាលស្រុកបានបញ្ជូនកម្លាំងទៅដល់កន្លែងកេីតហេតុ លោកវរសេនីយ៍ទោ ម៉ែន រីម បានឱ្យដឹងថា ចំណុចដែលមានករណីផ្ទុះមីនតោននេះជាសមរភូមិប្រយុទ្ធគ្នាពីមុនមកហេីយរហូតមកដល់ពេលនេះមិនទាន់មានការបោសសំអាតរំដោះយកយុទ្ធភ័ណ្ឌពីក្នុងដីអស់នៅឡេីយទេ ផ្លូវដែលគោយន្តរបស់គាត់បេីកបរទៅជាន់លេីគ្រាប់មីននាពេលនេះគឺជាផ្លូវ(ចាស់)ក្នុងសម័យសង្រ្គាមហេីយក្រោយមកមិនមានអ្នកណាប្រេីប្រាស់លេីផ្លូវនេះទេ តែជាអកុសលថ្ងៃនេះ ខណៈជនរងគ្រោះបេីកបរគោយន្តរវាងឡេីងលើផ្លូវ(ចាស់)ក៏ជួបគ្រោះថ្នាក់នេះតែម្តង។
លោកអធិការបន្តថា ប្រសិនបេីមិនមានសមត្ថកិច្ចរបស់លោកទៅដល់និងមានវិធានការភ្លាមៗនៅកន្លែងកើតហេតុទេនោះ គោយន្តមួយគ្រឿងផ្សេង ទៀតរួមទាំងអ្នកចូលទៅជួយសង្រ្គោះផង ដែលបម្រុងចូលទៅដឹកយកសពជនរងគ្រោះខាងលេីចេញពីទីនោះនឹងជួបគ្រោះថ្នាក់ជាន់គ្រាប់ មីនបន្ថែមទៀតជាក់ជាមិនខាន ព្រោះស្ថិតនៅក្បែរទីកន្លែងផ្ទុះនោះ ត្រូវបានប្រទះឃេីញគ្រាប់មីនតោនចំនួន០១គ្រាប់និងគ្រាប់មីន(ផ្កាចាន់) ចំនួន០១គ្រាប់ទៀតស្ថិតនៅលើគ្នា។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
មតិយោបល់