ព័ត៌មានជាតិ

វ៉ាជែងរថយន្តត្រូវម៉ូតូ១គ្រឿងទៀតកៀរបណ្តាលឲ្យដួលខ្ទៀតមនុស្សចូលកង់រថយន្តកិនស្លាប់ភ្លាមៗតែម្តង

ពោធិ៍សាត់: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១២ នឹង៥៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយម៉ូតូជិះឡើងវ៉ារថយន្តពីជើងទៅត្បូង ត្រូវម៉ូតូគេដែលកំពុងបើកបញ្ច្រាសទិសគ្នាបានកៀរដួលខ្ទៀតមនុស្សចូលក្រោមរថយន្តខាងក្រោយបណ្តាលឲ្យរថយន្តកិនស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកស្រុកបាកាន ហេតុការណ៍នេះនៅចំណុចម្តុំទួលស្លែងស្ថិតក្នុងភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកតាលោសែនជ័យ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស្លាកលេខ តាកែវ 1C-0652 បើកបរពីជើងទៅត្បូងមានគ្នា ០២ នាក់។ អ្នកបើកបរម៉ូតូឈ្មោះ សន ហុីង ភេទប្រុស អាយុ ៤០ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ( រងរបួសស្រាល )។

អ្នករួមដំណើរឈ្មោះ ហុីង សុខគីម ភេទប្រុស អាយុ ១២ ឆ្នាំ ត្រូវជាកូនអ្នកបើកបរខាងលើ រស់នៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ( រងរបួសធ្ងន់ )។

លុះពេលមកដល់ចំណុចកើតហេតុ ម៉ូតូនោះក៏បានវ៉ាជែងរថយន្តមួយគ្រឿងម៉ាក ហុីយ៉ានដាយ ពណ៌ទឹកសមុទ្រ ស្លាកលេខព្រះសីហនុ 3A-3567 បើកបររថយន្តឈ្មោះហូល ហឿន ភេទប្រុសអាយុ៣៩ឆ្នាំ រស់នៅភូមិរោងតាកុក ឃុំរំលេច ស្រុកបាកានទិសដៅស្របគ្នា ខណ:ពេលដែលម៉ូតូបានវ៉ាជែងរថយន្តក៏មានម៉ូតូដឹកស្មៅមួយទៀតមិនស្គាល់អត្តសញ្ញាណជិះបញ្រ្ចាសទិសគ្នាពីត្បូងទៅជើងហើយម៉ូតូនឹងម៉ូតូក៏បានកៀរគ្នាទន្ទឹមនឹងរថយន្ត ពេលនោះម៉ូតូដែលបានជិះវ៉ារថយន្តក៏បានដួលហើយអ្នករួមដំណើរក៏បានខ្ទៀតចូលក្រោមរថយន្តហើយរថយន្តក៏បានកិនជនរងគ្រោះ ដោយអ្នកបើករថយន្តមិនបានឃើញ ក៏បានបើកទៅមុខហើយបណ្តាលឲ្យរថយន្តកិនស្លាប់ក្រោយពេលបញ្ជូនជនរងគ្រោះទៅដល់មន្ទីរពេទ្យបង្អែកស្រុកបាកាន។

លោកវរសេនីយ៍ទោ អ៊ុល ហៃ អធិការនគរបាលស្រុកតាលោសែនជ័យបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីកត្តាវ៉ាជែងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ចំពោះរថយន្តនឹងម៉ូតូត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យរងចាំការស្រាវជ្រាវដើម្បីចាត់ការទៅតាមនីតិវិធី៕

 

មតិយោបល់