ព័ត៌មានជាតិ

Update៖ ប្រពន្ធយំស្ទើរគាំង ខណៈដែលប្តីជិះម៉ូតូទៅធ្វើការត្រូវរថយន្តដាច់កង់ខ្ទាតមកបុក បណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលរថយន្តកូរ៉េ ខណ:ពេលដែលបើកសុខៗ ស្រាប់តែដាច់កង់ខ្ទាតមកត្រូវបុរសម្នាក់កំពុងតែជិះម៉ូតូ បណ្ដាលឱ្យដួលបោកក្បាលស្លាប់ភ្លាមនៅនឹងកន្លែង ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ទីតាំងកន្លែងកើតហេតុស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ទល់មុខសាលាពងទឹក សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។

សពរងគ្រោះមានឈ្មោះ បូ ចាន់នី អាយុ ២៩ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួលភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានចេញពីបន្ទប់ជួលទៅកន្លែងធ្វើការ ដោយធ្វើដំណើរដោយម៉ូតូហុងដាវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រៃវែង 1I-5087 ដែលធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុមានរថយន្តកូរ៉េ ពណ៌សមួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2AS-03 46 ធ្វើដំណើរបញ្ច្រាសទិសគ្នា មកដល់ចំណុចកើតហេតុរថយន្តខាងលើ បានដាច់កង់ខាងក្រោយចំហៀងខាងឆ្វេងបណ្ដាលឱ្យខ្ទាតត្រូវជនរងគ្រោះកំពុងតែជិះម៉ូតូដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះដល់ទីតាំងកន្លែងកើតហេតុនឹងទាក់ទងទៅសាច់របស់ជនរងគ្រោះ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត និងម៉ូតូត្រូវបានកម្លាំងត្រូវបានកម្លាំងជំនាញចរាចរណ៍យកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕

មតិយោបល់