ភ្នំពេញៈ នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ មានករណីជនសង្ស័យ២នាក់ ជិះម៉ូតូធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេចហើយ ជិះរត់គេចខ្លួនទាំងភ័យ បានជ្រុលទៅបុកម៉ូតូអ្នកដំណើរ១គ្រឿងទៀត បណ្តាលឲ្យដួលទុកម៉ូតូចោល រត់យករួចខ្លួនបាត់ស្រមោល ស្ថិតត្រង់ចំណុចខាងមុខសណ្ឋាគារវីប៊ូទិក តាមបណ្ដោយផ្លូវលេខ១៤៣ កែងនិងផ្លូវ៣០៤ ក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុមានករណីខាងលើនេះ ជនរងគ្រោះបានទៅហូបចុកអាហារជួបជុំគ្នាមិត្តភក្ដិ នៅក្នុងហាងមួយកន្លែង បន្ទាប់មកជនរងគ្រោះបានដើរចេញទៅខាងក្រៅហាងនិយាយទូរស័ព្ទ នៅជិតកន្លែងលាងរថយន្ត និងម៉ូតូយីហោឆាយហ៊ាង តាមបណ្ដោយផ្លូវលេខ២៨៨ កែងនិងផ្លូវ១៤៣ ។ លុះពេលជនរងគ្រោះឈប់និយាយបានបន្តិច ក៏ស្រាប់តែលេចមុខជនសង្ស័យ១ក្រុម មានគ្នា២នាក់ជិះម៉ូតូ២គ្រឿង ដោយមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1DF-3235 និងមួយគ្រឿងទៀតមិនចាំម៉ាក បានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ១គ្រឿងម៉ាក Iphone12promax ពីជនរងគ្រោះបានសម្រេច ហើយក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួនទាំងភ័យ បានជ្រុលទៅបុកម៉ូតូអ្នកដំណើរ១គ្រឿងទៀត ដែលជិះគ្នាចំនួន២នាក់ បណ្ដាលឲ្យម៉ូតូជនសង្ស័យដួល វៀចបូមផ្នែកខាងមុខជិះលែងកើតក៏ទុកម៉ូតូចោល រួចក៏ងើបរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ និងយកវត្ថុតាងទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ ដើម្បីស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
មតិយោបល់