តាកែវៈ នៅថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៧និង១០នាទីល្ងាច មានករណីអគ្គិភ័យ០១ករណី កើតឡើងនៅភូមិពេជ្រចង្វា ឃុំបឹងត្រាញ់ ខាងជើង ស្រុកសំរោង ខេត្តតាកែវ បានឆេះអគាររោងចក្រហ្វូលីយ័ន (S.L.Y) មួយអគារដែលមានទំហំ ៦០ម៉ែត្រX ៤៥ម៉ែត្រ អស់ទាំងស្រុង និងរងរបួសកម្មករចំនួន ០១នាក់ (ស្រាល) ។
ក្រោយទទួលបានព័ត៌មានខាងលើនេះ លោកឧត្ដមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងជំនាញចុះអន្តរាគមន៍ ដល់កន្លែងកើតហេតុភ្លាមៗ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៧ គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន១៤ រថយន្ត ទើបរលត់ទាំងស្រុង នៅវេលាម៉ោង២០និង៣០នាទីថ្ងៃដដែល មិនបណ្តាលឱ្យឆេះរាលដាលដល់អគារដទៃឬផ្ទះប្រជាពលរដ្ឋឡើយ ។
ករណីអគ្គិភ័យខាងលើនេះ បើតាមការសន្និដ្ឋានជាជំហានដំបូង របស់សមត្ថកិច្ចបញ្ជាក់ថា មូលហេតុគឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ៕
មតិយោបល់