ភ្នំពេញៈ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០៧និង៥៧នាទី នៅចំណុចផ្ទះធ្វើនំខេកទីតាំងលេខ ៧៥២ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានករណីឃាតកម្មមួយកើតទ្បើង បង្កដោយជនដៃដល់ម្នាក់ បានវាយសម្លាប់មិត្តភក្តិរបស់ខ្លួនឯង នៅត្រង់ចំណុចហាងផ្ទះនំខេក ស្ថិតក្នុងខណ្ឌឫស្សីកែវ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនបាននៅខេត្តស្ទឹងត្រែង ។
ជនសង្ស័យឈ្នោះ ផល បញ្ញា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករហាងនំខេក ស្នាក់នៅភូមិកោះរះ ឃុំកោះរះលើ ស្រុកល្វាឯម ខេត្តកណ្តាល បានយកញញួរវាយក្បាលជនរងគ្រោះឈ្មោះ ហន ចាន់រស្មី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករធ្វើនំខេក ស្នាក់នៅចំណុចកើតហេតុខាងលើ បណ្តលឲ្យស្លាប់ ។
ក្រោយពីមានហេតុការណ៍កើតឡើង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាត់លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន ដើម្បីដឹកនាំកម្លាំង សហការជាមួយអធិការខណ្ឌឫស្សីកែវ ធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០០និង៤៥នាទី បានសហការជាមួយស្នងការខេត្តស្ទឹងត្រែង និងមានការសម្របសម្រួលពីលោកព្រះរាអាជ្ញាខេត្តស្ទឹងត្រែង បានខ្នួនជនសង្ស័យនៅចំណុចអូក្លុង គីឡូម៉ែត្រលេខ៩ ផ្លូវជាតិលេខ៧ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ខណ:ជនសង្ស័យគេចខ្លួនពីខេត្តស្ទឹងត្រែង ទៅលាក់ខ្លួននៅផ្ទះបងស្រីនៅខេត្តក្រចេះ ។
ជនសង្សយ័ឈ្មោះ ផល បញ្ញា បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព យកញញួរវាយទៅលើក្បាលជនរងគ្រោះឈ្មោះ ហន ចាន់រស្មី ចំនួន២ញញួរ (មួយញញួរវាយចំសៀតផ្កា នឹងមួយញញួរទៀតចំក្បាលផ្នែកខាងក្រោយ) បណ្តាលឲ្យស្លាប់ ពិតប្រាកដមែន មូលហេតុដោយសារខឹងជនរងគ្រោះជេរប្រមាថមកលើខ្លួន។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវនាយកដ្ឋានកំពុងរៀបចំកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់