ព័ត៌មានជាតិ

កម្លាំង​ជំនាញ​ស្រុក​សាលា​ក្រៅ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ឃាត់ខ្លួន​មនុស្ស​១០​នាក់​ជា​បន្តបន្ទាប់​

ប៉ៃលិនៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ​ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​កាច់​ បាន​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០២​នាក់​ ពាក់ព័ន្ធ​ករណី​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​ ។​

​ករណី​នេះ​ កម្លាំង​ធ្វើ​នៅ​វេលា​ម៉ោង​ ១៨:៣០​នាទី​ ថ្ងៃ​ព្រហស្បតិ៍​ ០១​រោច​ ខែជេស្ឋ​ ឆ្នាំឆ្លូវ​ ត្រី​ស័ក​ ព​.​ស​ ២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០២១​ នៅ​ចំណុច​ក្រោយ​កាស៊ីណូ​ស៊ុប​ភើ​រិច​ ស្ថិត​នៅ​ភូមិ​ផ្សារ​ព្រំ​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​ ។​

​ជនសង្ស័យ​មានឈ្មោះ​ ឃឹម​ សុ​គា​ដែន​ ភេទ​ប្រុស​ អាយុ​ ៣៥​ឆ្នាំ​ មុខរបរ​ មិន​ពិតប្រាកដ​ រស់នៅ​ភូមិ​ផ្សារ​ព្រំ​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​(​ប្តី​)​ និង​ ប្រពន្ធ​ឈ្មោះ​ តះ​ អែ​ទះ​ ភេទ​ស្រី​ អាយុ ​២៨​ឆ្នាំ​ ជនជាតិ​ខ្មែរឥស្លាម​ មុខរបរ​ មិន​ពិតប្រាកដ​ រស់នៅ​ភូមិ​ ភូមិ​ផ្សារ​ព្រំ​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​ ។​

​សមត្ថកិច្ច​បាន​បន្ត​ថា​ លុះដល់​វេលា​ម៉ោង​ ១១​និង​៣០​នាទី​ ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០២១​ លោក​អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ​ ដឹកនាំ​កម្លាំង​ជំនាញ​ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​ នៃ​អធិដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ​ បន្ត​នីតិវិធី​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​ទៅ​ចង្អុលបង្ហាញ​បន្ទប់​ស្នាក់​នៅ​របស់​ខ្លួន​ និង​បន្ទប់​ស្នាក់​នៅ​របស់​បក្ខពួក​ ០១​កន្លែង​ទៀត​ ស្ថិត​នៅ​ភូមិ​ ផ្សារ​ព្រំ​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​ លោក​ ជា​ សា​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យកា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន​ ព្រមទាំង​មានការ​ចូលរួម​ពី​លោក​ មាស​ សាវ៉ា​ត់​ មេ​ភូមិ​ផ្សារ​ព្រំ​ ។​

​ក្នុង​ការ​ឆែកឆេរ​ក្នុងផ្ទះ​ជួល​របស់​ឈ្មោះ​ ណុ​ប​ សុធា​ ភេទ​ស្រី​ អាយុ​៦៥​ឆ្នាំ​ កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០៧​នាក់​ (​ស្រី​ ០២​នាក់​)​ ក្នុង​នោះ​មាន​ជនជាតិ​ថៃ​ចំនួន​ ០២​នាក់​ និង​អ្នក​មើល​ការ​ខុស​ត្រូវ​បន្ទប់​ជួល​ខាងលើ​ចំនួន​ ០១​នាក់​ស្រី​ មាន​រាយ​នាម​ដូច​ខាងក្រោម​ ៖

១-​ឈ្មោះ​ មាន​ សារី​ ភេទ​ប្រុស​ អាយុ​ ២៤​ឆ្នាំ​ ,​ ២-​ឈ្មោះ​ អៀ​ រ៉ា​ឃី​ម​ ភេទ​ប្រុស​ អាយុ​ ១៩​ឆ្នាំ​,​ ៣-​ឈ្មោះ​ កាន​ ប្រម​ ភេទ​ប្រុស​ អាយុ​ ៤៤​ ឆ្នាំ​,​ ៤-​ ឈ្មោះ​ សុខ​ អ៊ី​ម​ ភេទ​ស្រី​ អាយុ​ ៤១​ ឆ្នាំ​,​ ៥-​ឈ្មោះ​ រុំ​ សៅ​ណា​ ភេទ​ស្រី​ អាយុ​ ២០​ ឆ្នាំ​,​ ៦-​ឈ្មោះ​ អា​នុ​ន​ សុ​ថៃ​យ៉ាក​ន​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ ជនជាតិ​ថៃ​ និង​៧-​ឈ្មោះ​ ផាត់​ ធា​រ៉​ផុង​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ជនជាតិ​ថៃ​ ។​

​សូម​បញ្ជាក់​ថា​ ក្រោយ​ពី​សមត្ថកិច្ច​ ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀន​រួច​មក​បញ្ជាក់​ឲ្យ​ឃើញ​ថា​ ជនសង្ស័យ​ទាំង​ ០៧​ នាក់​ខាងលើ​គឺ​មាន​សារធាតុ​ញៀន​ ។​ ចំណែក​អ្នក​មើល​ការ​ខុស​ត្រូវ​បន្ទប់​ជួល​ ឈ្មោះ​ ​ណុ​ប​ សុធា​ ភេទ​ស្រី​ អាយុ​៦៥​ ឆ្នាំ​ ពុំ​មាន​សារធាតុ​ញៀន​នោះ​ទេ​ ។​

​វត្ថុ​តាង​ដកហូត​រួម​មាន​៖​ កាំបិត​ចំនួន​ ០១,​បំពង់​ទីប​ ចំនួន​០១​ ,​ ទូរស័ព្ទ​ ដៃ​ចំនួន​០២​ គ្រឿង​ និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ ។​

​ក្រោយមក​ទៀត​សមត្ថកិច្ច​បាន​ចុះ​ឆែកឆេរ​បន្ទប់​ជួល​របស់​ឈ្មោះ​ ឃឹម​ សុ​គា​ដែន​ និង​ប្រពន្ធ​ឈ្មោះ​ តះ​ អែ​ទះ​ យើង​បាន​រក​ឃើញ​វត្ថុ​តាង​ ៖​ ម្សៅ​ក្រាម​ព​ណ៌​ស​ថ្លា​សង្ស័យ​ជា​ម៉ា​ទឹកកក​ចំនួន​ ០២​កញ្ចប់​ (​កញ្ចប់​ធំ​ ចំនួន​ ០១​កញ្ចប់​ និង​តូច​ចំនួន​ ០១​កញ្ចប់​ )​ និង​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​ ០១​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ និង​វត្ថុ​តាង​ ត្រូវ​បាន​ឃាត់ខ្លួន​ និង​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិ​វី​ធី​ច្បាប់​ ៕

មតិយោបល់