បាត់ដំបងៈ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១វេលាម៉ោង ៩និង០០នាទីព្រឹក ចំណុចក្រុមទី០២ ភូមិស្តីក្រោម ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង អនុវត្តតាម យោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់លោក កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ បានដឹកនាំក ម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ រួមជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហ្លួង និងកម្លាំងប្រជាការពារ បានចុះបង្រ្កាបករណីដាំដុះកញ្ឆាខុសច្បាប់ និងបានកាប់បំផ្លាញដំណាំកញ្ឆានៅចំណុចខាងលើសរុបចំនួន៥២គុម្ព ដែលឈ្មោះ កាន់ សាញ ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅខាងលើជាអ្នកដាំ។
បន្ទាប់ពីដកបំផ្លាញចោលដើមកញ្ឆានេះឈ្មោះ កាន់ សាញ បានប្រាប់សមត្ថកិច្ចនគរបាលថា រូបគាត់បានដាំដើមកញ្ឆានេះសម្រាប់ប្រើប្រាស់ ដែលមានអ្នកជិតខាងផ្សេងទៀត នៅក្នុងភូមិបានប្រើដែរ តែទោះជាយ៉ាងនេះក្តី សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំណែនាំ និងឱ្យគាត់ បញ្ឈប់សកម្មភាពដាំដុះនេះបន្តទៀត និងអនុញ្ញាតឱ្យគាត់វិលត្រឡប់ទៅលំនៅដ្ឋានវិញ៕
មតិយោបល់