អង់គ្លេស៖ លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានរៀបអាពាហ៍ពិពាហ៍ជាមួយគូកំណាន់របស់លោកឈ្មោះ Carrie Symonds យ៉ាងស្ងាត់កំបាំងតាមការគ្រោងទុកនៅព្រះវិហារ Westminster។ អ្នកនាំពាក្យវិមានមនាយករដ្ឋមន្ត្រី Downing Street បាននិយាយថា អាពាហ៍ពិពាហ៍នេះធ្វើឡើងដោយមានពិធីតូចតាចកាលពីរសៀលថ្ងៃសៅរ៍។

អ្នកនាំពាក្យខាងលើបន្ថែមថា គូស្នេហ៍មួយគូនេះនឹងរៀបចំពិធីម្ដងទៀតជាមួយក្រុមគ្រួសារ និងមិត្តភ័ក្ត្រនៅរដូវក្ដៅក្រោយ ហើយការក្រេបច័ន្ទទឹកឃ្មុំក៏នឹងពន្យារពេលដែរ រហូតដល់ពេលនោះដែរ។ លោកគឺជានាយករដ្ឋមន្ត្រីដំបូងដែលបានរៀបអាពាហ៍ពិពាហ៍ អំឡុងពេលកាន់តំណែងនៅក្នុងចំណោមនាយករដ្ឋមន្ត្រីទាំងអស់ ក្នុងរយៈពេលជិត ២០០ឆ្នាំមកនេះ។ កាលពីថ្ងៃសៅរ៍ សារព័ត៌មាន The Mail បានរាយការណ៍ថា មានភ្ញៀវ ៣០នាក់ត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងពិធីដែលមានការជូនដំណឹងភ្លាមៗ ដោយចំនួនអ្នកចូលរួមត្រូវបានកំណត់ក្រោមវិធានការរឹតត្បិត ទប់ស្កាត់ការឆ្លងរាលដាលជំងឺ Covid-19 នៅចក្រភពអង់គ្លេស។

ទោះបីជាលោក Johnson វ័យ ៥៦ឆ្នាំរូបនេះធ្លាប់បានរៀបអាពាហ៍ពិពាហ៍ចំនួន ២ដងរួចមកហើយក៏ដោយក៏ព្រះវិហារការតូលិក Roman អាចអនុញ្ញាតឲ្យរៀបអាពាហ៍ពិពាហ៍ជាថ្មីទៀតបានដែរ ប្រសិនប្រើការរៀបអាពាហ៍ពិពាហ៍កន្លងទៅធ្វើនៅក្រៅព្រះវិហារនេះ។ លោក Johnson មានវ័យ ៥៦ឆ្នាំ និងកញ្ញា Symonds មានវ័យ ៣៣ឆ្នាំដែលជាអ្នកតស៊ូមតិផ្នែកបរិស្ថាន បានប្រកាសពិធីភ្ជាប់ពាក្យរបស់ពួកគេកាលពីខែកុម្ភៈ ឆ្នាំ២០២០ និងមានកូនប្រុសជាមួយគ្នាម្នាក់ឈ្មោះ Wilfred អាយុ ១ឆ្នាំ។ អាពាហ៍ពិពាហ៍នេះគឺជាលើកដំបូងរបស់នាង Symonds និងលើកទី៣ របស់លោក Johnson។ លោកមានកូន ៥នាក់ផ្សេងទៀតជាមួយអតីតភរិយាផ្សេងគ្នា៕

មតិយោបល់