ភ្នំពេញៈ ក្រោយពីមានការចុះផ្សាយនៅតាមបណ្ដាសារព័ត៌មានក្នុងស្រុកថា កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកម្លាំងសមត្ថកិច្ចនគរបាលស្រុកពួក បានចាប់ខ្លួន ជនជាប់ចោទឈ្មោះ យ៉ាន់ រ៉ាន់ តាមដីកាបញ្ជាឲ្យចាប់ខ្លួនរបស់ចៅក្រមនៃសាលាដំបូងខេត្ត ខេត្តសៀមរាម កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះក្នុងភូមិតាស្នេហ៍ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប នោះ អ្នកនាំពាក្យ តុលាការខេត្ត សៀមរាបបានបដិសេធថា ជារឿងមិនពិតនោះទេ។
លោក យិន ស្រាង អ្នកនាំពាក្យតុលាការខេត្តសៀមរាប បានបញ្ជាក់តាម Telegram កាលពីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ថា អត់មានរឿងចាប់ខ្លួនជនជាប់ចោទខាងលើនេះទេ។
សូមបញ្ជាក់ថា ជនជាប់ចោទឈ្មោះ យ៉ាន់ រ៉ាត់ ហៅរ៉ាត់ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិតាស្នេហ៍ ឃុំដូនកែវ ស្រុកពួក។
ចំណែកក្មេងស្រីរងគ្រោះអាយុ១៦ឆ្នាំ ដែលត្រូវជាប្អូនថ្លៃរបស់ជនសង្ស័យ ដោយជននេះចាប់រំលោភបានសម្រេចជាច្រើនដងក្នុងខ្ទមស្រែ។
សមត្ថកិច្ចស្រុកពួកបានឲ្យដឹងថា ក្រោយរឿងរ៉ាវចាប់រំលោភ ប្អូនថ្លៃនេះបានបែកធ្លាយ ជនចោទបាននាំប្រពន្ធរត់ទៅធ្វើការប្រទេសថៃរយៈពេល ៣ឆ្នាំមកហើយ ទើបត្រឡប់ចូលស្រុក ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង។
ប្រភពពីសមត្ថកិច្ចបង្ហើបថា ក្រោយពីកម្លាំងនគរបាលចាប់ខ្លួនជនជាប់ចោទខាងលើបញ្ជូនទៅតុលាការ ជននោះត្រូវបានដោះលែងមកវិញ ក្រោមហេតុផលថា គ្មានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់៕
មតិយោបល់