ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប BMW ពាក់ផ្លាកលេខ កម្ពុជា S.T.8586 គេចពីម៉ូតូជ្រុលទៅបុកសួនច្បារ ពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: យុវជនម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក BMW ក្នុងល្បឿនលឿន គេចពីរម៉ូតូជ្រុលចង្កូត ទៅបុកនឹងសួនច្បារពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង២០នាទី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ស ពាក់ផ្លាកលេខកំពត 1O 5278 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក BMW ពណ៌ខ្មៅ ពាក់ផ្លាកលេខ កម្ពុជា S.T.8586 បើកបរដោយយុវជនម្នាក់ ធ្វើដំណើរក្នុងទិសដៅស្របគ្នា មកពីក្រោយ ហើយបើកគេចពីម៉ូតូដែលនៅខាងមុខ បណ្តាលឲ្យកៀរម៉ូតូដួល ហើយជ្រុលចង្កូតទៅបុកនឹងសួនច្បារ ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែកម្ចាស់ម៉ូតូបានរងរបួសស្រាល ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចទំនាក់ទំនងទៅសមត្ថកិច្ចចរាចរណ៍ខណ្ឌ ចុះមកដល់កន្លែងកើតហេតុ ហើយបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្ត BMW សង១០០ដុល្លារទៅខាងភាគីម៉ូតូ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ចំណែកឯរថយន្តសមត្ថកិច្ច បានឲ្យម្ចាស់រករថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង ដោយសារតែករណីនេះ មិនបណ្តាលឲ្យមានការខូចខាតទ្រព្យសម្បត្តិរបស់រដ្ឋនោះទេ ៕

មតិយោបល់