ព័ត៌មានជាតិ

បុគ្គលិកក្រុមហ៊ុនទឹកស្អាតអ៊ីងកូស បើករថយន្តលឿនជាន់ហ្រ្វាំងរេចង្កូតទៅប៉ះម៉ូតូ ក្រឡាប់ធ្លាក់សង្កត់អ្នកបើកម៉ូតូ បណ្តាលឲ្យម្តាយនិងកូន២នាក់រងរបួសធ្ងន់

មណ្ឌលគិរី: នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៣ និង៤០នាទី នៅត្រង់ចំណុចអូរជល់ជើងមាន់ ស្ថិតក្នុងភូមិពូញ៉ាវ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍០១កើតឡើង រវាងរថយន្ត និង ម៉ូតូ ជិះបញ្ច្រាសទិសគ្នា ដោយរថយន្តធ្វើដំណើរពីកើតទៅលិច រីឯម៉ូតូធ្វើដំណើរពីលិចមកកើត បណ្ដាលឱ្យជនរងគ្រោះ ដែលជិះម៉ូតូរបួសធ្ងន់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ អ្នកបើកបររថយន្តឈ្មោះ វង្ស បូរិន ភេទប្រុស អាយុ ៣៧ ឆ្នាំ បុគ្គលិកក្រុមហ៊ុនទឹកស្អាតអ៊ីងកូស មានទីលំនៅបច្ចុប្បន្នក្នុងភូមិ ស្រុកចេក សង្កាត់ ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បើកបររថយន្តម៉ាក់ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ 2AQ-4082 (មិនមានរងរបួស)​ មានអ្នករួមដំណើរម្នាក់ឈ្មោះ ហ៊ន ស៊ីនឿន ភេទប្រុស អាយុ ៤៣ ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនទឹកស្អាតអ៊ីងកូស មានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកឯអ្នកបើកបរម៉ូតូឈ្មោះ ឈឺម អ៊ីរី ភេទស្រី អាយុ ៤១ ឆ្នាំ មុខរបរ កសិករ ទីលំនៅសព្វថ្ងៃ ភូមិពូរង៉ោល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី (រងរបួសធ្ងន់) ត្រូវជាម្ដាយ និង មានអ្នករួមដំណើរជាមួយឈ្មោះ ចិនសែ ទេវី ភេទស្រី អាយុ ១៧ ឆ្នាំ មុខរបរ សិស្សសាលា មានទីលំនៅសព្វថ្ងៃ ភូមិពូរង៉ោល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី (រងរបួសធ្ងន់) ត្រូវជាកូន ។ ជនរងគ្រោះបើកបរម៉ូតូទាំងពីរខាងលើ ត្រូវបានគេដឹកបញ្ជូន ទៅព្យាបាល នៅមន្ទីពេទ្យបង្អែកខេត្តមណ្ឌលគិរី ។

ចំណែកឯរថយន្តនឹងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលមេម៉ង់ ដើម្បីរក្សាទុកនឹងធ្វើការដោះស្រាយ តាមនីតិវិធីបន្ត ។

សូមបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចារណ៍ខាងលើនេះ រថយន្តបង្កបើកបរដល់ត្រង់ចំណុចផ្លូវកោង ក្នុងល្បឿនយ៉ាងលឿន ហើយជាន់ហ្រ្វាំងក៏រេចង្កូតចុះឡើង ជ្រុលបោកទៅប៉ះនឹងម៉ូតូ ដែលជិះបញ្ច្រាសទិសគ្នា ក្រឡាប់ធ្លាក់ទៅម្ខាង បណ្តាលឲ្យរថយន្តសង្កត់លើ អ្នកបើកបរម៉ូតូទាំងពីរនាក់រងរបួសធ្ងន់ ៕

មតិយោបល់