ភ្នំពេញៈ សពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹក នៅក្បែរច្រាំងទន្លេសាប ហើយបានរាយការណ៍ ទៅនគរបាលមូលដ្ឋាន ដើម្បីទាក់ទងទៅនគរបាលជំនាញចុះទៅត្រួតពិនិត្យ ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ១១និង ៣០នាទី ថ្ងៃត្រង់ទី០៦ ខែ មិថុនា ឆ្នាំ២០២១ នៅចំណុចច្រាំងទន្លេ ភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ រហូតវេលាម៉ោងប្រមាណ៤ និង៣០នាទីរសៀល បន្ទាប់ពីអ៊ិចស្កាវ៉ាទ័រឈូសព្រៃចេញ ដើម្បីងាយស្រួលស្រង់យកសាកសព នគរបាលក៏ចាត់ចែងស្រង់យកមកពិនិត្យ ។
សពបុរសរូបនោះភ្លាមៗ ពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ មានអាយុប្រមាណជាង៣០ឆ្នាំ មានលក្ខណៈហើមស្អុយ ទៅហើយ ។
តាមនគរបាលមូលដ្ឋាន បានអោយដឹងថា នៅមុនពេលភ្ញាក់ផ្អើល កម្មករ បូមខ្សាច់នៅលើសាឡង់ ក៏បានប្រទះសពបុរសរូបនោះអណ្តែតទឹក នៅច្រាំងទន្លេមកទើរនឹងកំប្លោក ហើយបានរាយការណ៍ មកសមត្ថកិច្ច ដើម្បីត្រួតពិនិត្យ ។ លុះនៅវេលាម៉ោងប្រមាណ៤និង៣០នាទីរសៀល ទើបនគរបាលចាត់ចែងលើកសពមកធ្វើការត្រួតពិនិត្យ ។
សពមានលក្ខណៈ ហើមស្អុយ គេពុំដឹងថា សពស្លាប់ដោយសារអ្វី ពិតប្រាកដឡើយ ។
បើតាមការឲ្យដឹងពីបុរសម្នាក់ ក្នុងចំណោម៤នាក់ ដែលបានទៅស្រង់សពនោះឡើងគោក ឱ្យដឹងថា ពេលគាត់លើកឡើងនោះឃើញសពចេញឈាមតាមមាត់និងច្រមុះ ។
ទោះយ៉ាងណា គិតត្រឹមល្ងាចម៉ោង៥ថ្ងៃដដែល គេមិនទាន់ដឹងថា សពនោះស្លាប់ដោយសាអ្វីនោះឡើយ ដោយរង់ចាំសមត្ថកិច្ចជំនាញមកពិនិត្យសិន ៕
មតិយោបល់