ព័ត៌មានជាតិ

ជនពីរក្រុមជិះម៉ូតូដេញវាយគ្នា ផ្ទុះអាវុធមួយគ្រាប់ បណ្តាលឲ្យភាគីម្ខាងភ័យ រត់ចូលក្នុងមន្ទីរពេទ្យកាល់ម៉ែត

ភ្នំពេញ: មានករណីមនុស្ស២នាក់ ត្រូវបានជនមួយក្រុម ជិះម៉ូតូដេញតាមវាយ និងបាញ់ឡើងលើ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២និង៣០នាទីយប់ នាពេលរំលងអធ្រាត្រ ឈានចូលថ្ងៃច័ន្ទ ទី៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចផ្លូវចូល មន្ទីរពេទ្យកាលម៉ែត ជាប់នឹងរបងស្ថានទូតបារាំង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលនៅក្បែរកន្លែងកើតហេតុ បាននិយាយថា ពួកគាត់បានឃើញមនុស្សប្រុសស្រីចំនួន២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកស្គូបពី ពណ៌ខ្មៅ អត់មានផ្លាកលេខ បើកបរយ៉ាងលឿនមកតាមច្រកចូល ក្បែរមន្ទីរពេទ្យកាល់ម៉ែត ហើយស្រាប់តែមានម៉ូតូចំនួន៤គ្រឿងទៀត ជិះដេញតាមពីក្រោយ មកកៀរឲ្យឈប់ រួចដកខ្សែក្រវ៉ាត់វាយអ្នកទាំង២នោះ ហើយអ្នកទាំងពីរនោះភ័យក៏រត់ចូលទៅក្នុងមន្ទីរពេទ្យតែម្ដង ។ ខណ:ពេលនោះដែរ ក៏លេចមុខបុរសម្នាក់ ជិះម៉ូតូអ៊ិចអ៊ែ (XR) ពណ៌ខ្មៅ មកដល់ត្រង់ចំណុចកើតហេតុ ក៏បានដកកាំភ្លើងបាញ់ឡើងទៅលើចំនួនមួយគ្រាប់ ហើយស្រែកប្រាប់ប្រជាពលរដ្ឋនៅទីនោះ ថា អ្នករត់ចូលទៅខាងក្នុងនៃមន្ទីរពេទ្យនោះគឺជាចោរ ។ បន្ទាប់មកក្រុមពួកវានោះបម្រុងយកម៉ូតូអ្នកទាំង២នាក់នោះ ប៉ុន្តែដោយសារឃើញប្រជាពលរដ្ឋច្រើនពេក ក៏ពួកវានាំគ្នាជិះម៉ូតូចេញទៅបាត់អស់ពីកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន លោកក៏បានចុះទៅដល់ទីតាំងខាងលើ រើសយកសម្បកផ្ទុះគ្រាប់កាំភ្លើង និង ហៅឲ្យជនរងគ្រោះទាំងពីរនាក់ ដែលរត់ចូលទៅក្នុងមន្ទីរពេទ្យចេញុមក ដើម្បីដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ងាយស្រួលដល់កម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួន យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

មតិយោបល់