ភ្នំពេញៈ មន្ទីរឃុំឃាំង ឬពន្ធនាគារ ជាទីសំចតសម្រាប់ឃាត់ខ្លួនអ្នកទោសឲ្យសម្រាកនៅបណ្ដោះអាសន្ន ដើម្បីធ្វើការកែប្រែខ្លួនមុនពេលពួកគេ ត្រូវធ្វើសមាហរណកម្មចូលសង្គមវិញ បន្ទាប់ពីតុលាការវិនិច្ឆ័យទោសទណ្ឌរួចមក។ ប៉ុន្តែគេនៅតែមើលឃើញថា ពន្ធនាគារមួយចំនួននៅតែមានលេចឮព័ត៌មានឈ្មួញនាំចូលគ្រឿងញៀនទៅលក់ជូនអ្នកទោស ឬជនសង្ស័យ ដែលកំពុងជាប់ឃុំបានដដែល រហូតដល់ពេលខ្លះសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនទាំងមន្ត្រីពន្ធនាគារ និងឈ្មួញព្រមៗគ្នាក៏មាន។
ជាក់ស្ដែង កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានគរបាលខណ្ឌឫស្សីកែវ បានបញ្ជូនជនសង្ស័យម្នាក់ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីរកឃើញថា ជនសង្ស័យរូបនេះ បាននាំយកគ្រឿងញៀនទៅឲ្យសង្សារដែលជាប់ឃុំនៅក្នុងពន្ធនាគារ PJ។
ប្រភពពីសមត្ថកិច្ចពន្ធនាគាររាជធានីភ្នំពេញ PJ សុំមិនបញ្ចេញឈ្មោះឲ្យដឹងថា កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ថ្មីៗនេះ កម្លាំងសមត្ថកិច្ចពន្ធនាគារមួយនេះ បានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ ជាជនសង្ស័យនាំគ្រឿងញៀនចូលពន្ធនាគារ PJ យ៉ាងសកម្មក្នុងពេលកន្លងមក ប៉ុន្តែលើកចុងក្រោយត្រូវបែកការរហូតឈានដល់មានការឃាត់ខ្លួន។
ប្រភពដដែលបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ អៀង ថវិកា ភេទស្រី អាយុ៣៣ឆ្នាំ បានយកគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ចំនួន២កញ្ចប់តូច ទៅឲ្យទណ្ឌិតជាសង្សារឈ្មោះ សុខ សុភ័ក្រ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ ពីបទលួចមានស្ថានទម្ងន់ទោស។
ប្រភពបន្តថា ស្ត្រីជនសង្ស័យបានយកគ្រឿងញៀនឲ្យបុរសជាសង្សារនៅខាងក្រៅអគារពន្ធនាគារ ដោយឲ្យបុរសនោះ យកស្កុតបិទគ្រឿងញៀនជាប់នឹងបាតជើង ប៉ុន្តែត្រូវសមត្ថកិច្ចឆែកឆេរឃើញនៅមាត់ច្រកចូលពន្ធនាគារ គ្រានោះស្ត្រីជនសង្ស័យបានរត់គេចខ្លួន ប៉ុន្តែត្រូវសមត្ថកិច្ចពន្ធនាគារតាមទាន់ ចាប់ប្រគល់ឲ្យនគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការបន្ត។
បើតាមប្រភពព័ត៌មាន ករណីគ្រឿងញៀនដែលមានទណ្ឌិតឈ្មោះ សុខ សុភ័ក្រ នេះជាអ្នកប្រព្រឹត្ត និងមានស្ត្រីជនសង្ស័យជាអ្នកយកឲ្យនៅក្នុងពន្ធនាគារ PJ នោះ វាមិនមែនទើបតែកើតឡើងជាលើកទីមួយទេ គឺវាបានកើតឡើងជាច្រើនលើកច្រើនសាររួចមកហើយ ប៉ុន្តែសមត្ថកិច្ចចាប់មិនបានអ្នកនាំចូល ចាប់បានតែឈ្មោះ សុខ សុភ័ក្រ នេះ ហើយទណ្ឌិតរូបនេះ ធ្លាប់បានឆ្លើយថា អនុរក្សពន្ធនាគារជាអ្នកយកលក់ឲ្យរូបគេទៅវិញ។ ប្រភពអះអាងថា កន្លងមកក៏ធ្លាប់មានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បានកោះហៅអនុរក្សពន្ធនាគារដែលត្រូវទណ្ឌិតរូបនេះឆ្លើយដាក់ទៅសាកសួរផងដែរ ប៉ុន្តែវាមិនមែនជាការពិត ក៏អនុញ្ញាតឲ្យអនុរក្សនោះត្រឡប់មកវិញ។
លោក ពេជ្រ យ៉ុន ប្រធានពន្ធនាគារ PJ បានថ្លែងតាមទូរស័ព្ទថា សមត្ថកិច្ចរបស់លោកពិតជាចាប់បានជនសង្ស័យខាងលើនោះមែន គឺពាក់ព័ន្ធនឹងរឿងយកគ្រឿងញៀនចូលពន្ធនាគារ។ លោកបញ្ជាក់ថា កន្លងមកទណ្ឌិតឈ្មោះ សុខ សុភ័ក្រ ពិតជាមានករណីរក្សាទុកគ្រឿងញៀននៅក្នុងពន្ធនាគារមែន ហើយលោកក៏បានបញ្ជូនរបាយការណ៍ទៅតុលាការដែរ ប៉ុន្តែមិនទាន់ឃើញមានចំណាត់ការរបស់តុលាការនោះទេ ចំណែកលើកនេះ គឺលោកនឹងបញ្ជូនរបាយការណ៍ទៅកាន់តុលាការបន្តទៀត ដើម្បីចាត់ការវិធានការផ្លូវច្បាប់លើទណ្ឌិតឈ្មោះ សុខ សុភ័ក្រ នេះ។
គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ ក៏មានជនជាប់ឃុំម្នាក់ បានរត់ចេញពីពន្ធនាគារ PJ រហូតមកដល់ពេលនេះ នៅមិនទាន់ចាប់បានមកវិញនៅឡើយទេ ស្របពេលដែលមានដំណឹងលេចឮពីភាពមិនប្រក្រតីនៃការគ្រប់គ្រងរបស់លោក ពេជ្រ យ៉ុន ប្រធានពន្ធនាគារ PJ។
កន្លងមកលោក ពេជ្រ យ៉ុន ក៏ធ្លាប់បានបកស្រាយថា ការរិះគន់ និងការទម្លាយព័ត៌មានថា លោកគ្រប់គ្រងពន្ធនាគារ PJ មិនបានល្អ ពីសំណាក់មន្ត្រីក្រោមឱវាទលោកនោះ ជារឿងមិនពិត ជារឿងប្រឌិតឡើងដោយសារតែមន្ត្រីទាំងនោះ បាត់បង់ប្រយោជន៍នៅពេលលោកមកកាន់តំណែង និងអនុវត្តច្បាប់តឹងរឹង៕
មតិយោបល់