ខ្សែបំរើ Manchester City, Kevin de Bruyne បានក្លាយជាម្ចាស់ពានកីឡាករឆ្នើមបំផុតប្រចាំឆ្នាំរបស់ PFA ពីររដូវកាលជាប់គ្នា ក្រោយជួយក្រុមឈ្នះជើងឯក English Premier League។

មិត្តរួមក្រុម Phil Foden ក៏ឈ្នះពានកីឡាករយុវជនឆ្នើមបំផុតផងដែររបស់ PFA។ កីឡាករទាំងពីរគឺជាសមាជិកសំខាន់របស់ Manchester City ដែលឈ្នះពាន Premier League ៣លើក ក្នុង ៤រដូវកាលចុងក្រោយរួមជាមួយនឹងពាន Carabao Cup ផងដែរ។

Kevin de Bruyne បានក្លាយជាកីឡាករទី២ ដែលឈ្នះពានកីឡាករឆ្នើមរបស់ PFA ២រដូវកាលជាប់គ្នាបន្ទាប់ពី Cristiano Ronaldo ដែលធ្វើបានដូចគ្នាកាលនៅ Manchester United។ កីឡាករជំរើសជាតិប៊ែលហ្ស៊ិករូបនេះរកបាន ៦គ្រាប់នៅ Premier League និងបញ្ជូន ១២លើកក្នុងការបង្ហាញខ្លួនលើទីលានសរុប ២០០១នាទី។

Kevin de Bruyne ជាសមាជិកសំខាន់ដែលនាំ Manchester City ឡើងវគ្គផ្តាច់ព្រ័ត្រ UEFA Champions League លើកដំបូងតែចាញ់ Chelsea និងថែមទាំងមានរបួសច្រមុះ និងភ្នែក តែអាចរួមដំណើរជាមួយក្រុមប៊ែលហ្ស៊ិកបានក្នុងព្រឹត្តិការណ៍ Euro ២០២០៕
មតិយោបល់