ព័ត៌មានជាតិ

បុរសម្នាក់ រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្ត

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កដោយរថយន្ត និងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ រងរបួសបាក់ជើង កើតហេតុកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មិនដំបូងគេបានឃើញរថយន្តស្តារិច ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AO-9991 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច រហូតមកដល់ចំណុចកើតហេតុ មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ឌ្រីមសង់ឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង 1I- 4266 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ស្រាប់តែបុកគ្នាពេញទំហឹង បណ្តាលឲ្យភាគីខាងម៉ូតូ ដួលរងរបួសបាក់ជើងតែម្តង និងជនរងគ្រោះត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការបាញ់ថ្នាំយកដាក់ខាង និងរាយការណ៍ទៅផ្នែកជំនាញ ចុះវាស់វែងយករក្សាទុក ដើម្បីរង់ចាំការដោះស្រាយ ៕

មតិយោបល់