ព័ត៌មានជាតិ

ប្រើដាវកាប់មនុស្សដូចកាប់សត្វ ចុងក្រោយជាប់ខ្នោះរបស់សមត្ថកិច្ច

កណ្តាលៈ យោងតាមផេករបស់នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៧ និង ២០នាទីមានករណីហិង្សាដោយចេតនា នៅចំណុចភូមិរកាក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ។
ជនរងគ្រោះ ចំនួន ០២នាក់ ៖
១. ឈ្មោះ ឡូ ភី ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (រងរបួសក្បាល ដេរជាង១០ថ្នេរ)។
២. ឈ្មោះ ភាព ម៉ាប់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក (រងរបួសដៃស្ដាំ ចេញឈាម) ទាំងពីរនាក់ត្រូវជាម្ដាយនិងកូនមានទីលំនៅជាមួយគ្នា ភូមិរកាក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ។
ជនសង្ស័យ ចំនួន ០២នាក់៖
១. ឈ្មោះ ឡូ សល់ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករស៊ីឈ្នួល (ឃាត់ខ្លួន)។
២. ឈ្មោះ ឡូ ទិត្យ ភេទប្រុស ជនជាតិខ្មែរ មុខរបរជាងដែក (គេចខ្លួន) ទាំងពីរនាក់ត្រូវជាបងប្អូនបង្កើតនឹងគ្នាមានទីលំនៅជាមួយគ្នា ភូមិរកាក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ។
វត្ថុតាងចាប់យក ៖
១. ដាវ ចំនួន ០១ ផ្លែ និង ដង ធ្វើអំពីដែក មានប្រវែង ៨២ ស.ម ។
២. កាំបិតផ្គាក់ ចំនួន ០១ ផ្លែដែក ដងឬស្សី មានប្រវែង ៦២ ស.ម ។
នៅមុនពេលកើតហេតុថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៨ និង ០០នាទី ជនសង្ស័យឈ្មោះ ឡូ ទិត្យ បានផឹកស្រាស្រវឹងហើយរករឿងឈ្លោះប្រកែក ជេរប្រមាថអ្នកជិតខាងជាខ្លាំង ។
ក្រោយមកនៅវេលាម៉ោង ១៩ និង ២០នាទី ជនរងគ្រោះ ឈ្មោះ ភាព ម៉ាប់ បានត្រឡប់មកពីធ្វើការវិញ ក៏បានជួបនឹងជនសង្ស័យឈ្មោះ ឡូ ទិត្យ ខណៈពេលនោះជនសង្ស័យមានកាន់ដាវមួយដើមនៅនឹងដៃហើយបានទាក់ពាក្យសម្ដីគ្នា ពេលនោះជនសង្ស័យឈ្មោះ ឡូ ទិត្យ បានយកដាវកាប់ទៅលើជនរងគ្រោះឈ្មោះ ភាព ម៉ាប់ តែត្រូវឈ្មោះ ភាព ម៉ាប់ ចាប់ដៃដែលកាន់ដាវជាប់ហើយប្រតាយប្រតប់គ្នា ។ ពេលនោះជនរងគ្រោះឈ្មោះ ឡូ ភី ឃើញដូច្នេះក៏មកជួយឃាត់ ស្រាប់តែជនសង្ស័យឈ្មោះ ឡូ សល់ បានទាញកាំបិតផ្គាក់ពីក្នុងផ្ទះ រួចរត់សំដៅមកកាប់ឈ្មោះ ភាព ម៉ាប់ ត្រូវដៃខាងស្ដាំបណ្ដាលឱ្យរងរបួស ដាច់សាច់ហូរឈាម និងកាប់មួយកាំបិតទៀត ត្រូវចំក្បាលរបស់ឈ្មោះ ឡូ ភី បណ្ដាលរបួសក្បាល ហើយភ្លាមនោះដែរក៏ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះចេញមកជួយឃាត់ ចាប់បំបែកពីគ្នា ។
រហូតមកដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ទើបក្រុមគ្រួសាររបស់ជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពប ។
ក្រោយពីទទួលបានបណ្ដឹងពីជនរងគ្រោះខាងលើភ្លាម សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពប សហការជាមួយកម្លាំងផ្នែកជំនាញនគរបាលយុត្តធម៌ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡូ សល់ ចំណែកឈ្មោះ ឡូ ទិត្យ បានរត់គេចខ្លួនបាត់មុនពេលសមត្ថកិច្ចនគរបាលយើងទៅដល់ ។បច្ចុប្បន្នជនសង្ស័យឈ្មោះ ឡូ សល់ រួមនឹងវត្ថុតាង បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីយកទៅកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕

 

មតិយោបល់