ជម្លោះហិង្សានៅក្នុងតំបន់ Gaza រវាងអ៊ីស្រាអែល និងក្រុមឥស្លាមជ្រុលនិយម Hamas បានសម្លាប់មនុស្សរាប់រយនាក់ បង្កឱ្យមនុស្សរាប់ពាន់នាក់រងរបួស និងខូចខាតយ៉ាងដំណំទៅលើហេដ្ឋារចនាសម្ព័ន្ធ រួមទាំងមណ្ឌលសុខភាពផងដែរ។
អង្គការសុខភាពពិភពលោក (WHO) ថា មណ្ឌលសុខភាពចំនួន ៣០ កន្លែងត្រូវបានបំផ្លាញ រួមទាំងការបំផ្លិចបំផ្លាញគ្លីនិកថែទាំសុខភាពបឋម Hala Al-Shawa ផងដែរ។ អង្គការ WHO និយាយថា តំបន់ Gaza មានថ្នាំចាំបាច់តែ ៤៦% ប៉ុណ្ណោះ និងមានបរិក្ខារវេជ្ជសាស្ត្រចាំបាច់តែ ៣៣% ប៉ុណ្ណោះនៅក្នុងស្តុក។
មន្ត្រីអង្គការសហប្រជាជាតិដែលបានធ្វើទស្សនកិច្ចទៅតំបន់ Gaza នាពេលថ្មីៗនេះបានព្រមានថា ការខូចខាតហេដ្ឋារចនាសម្ព័ន្ធសម្រាប់បញ្ចេញកាកសំណល់រាវនៅក្នុងប្រទេសនេះ បង្កឲ្យទឹកកខ្វក់ចេញពីលូជាច្រើនហូរចូលទៅក្នុងសមុទ្រ ដែលបង្កឲ្យមានការបំពុល និងប៉ះពាល់ដល់សុខភាព ។
អ្នកស្រី Fadela Chaib អ្នកនាំពាក្យអង្គការ WHO និយាយថា វាមានសារៈសំខាន់ណាស់ក្នុងការបើកឱ្យមានការឆ្លងកាត់ព្រំដែនរវាងអ៊ីស្រាអែល និងតំបន់ Gaza ដើម្បីអនុញ្ញាតឱ្យជំនួយមនុស្សធម៌ បរិក្ខារពេទ្យ និងសម្ភារៈនានាសម្រាប់ការអភិវឌ្ឍ ចូលទៅក្នុងទឹកដីប៉ាឡេស្ទីន។
អ្នកស្រី Fadela Chaib បានថ្លែងថា៖ «អង្គការ WHO កំពុងអំពាវនាវឱ្យមានការចេញចូលដោយមិនមានការរារាំង ដើម្បីដឹកជញ្ជូនសម្ភារៈចាំបាច់ ជំនួយមនុស្សធម៌ និងអនុញ្ញាតឲ្យបុគ្គលិកចូលទៅក្នុងតំបន់ Gaza និងដឹកអ្នកជំងឺចេញពីតំបន់ Gaza ដើម្បីយកទៅព្យាបាលជួយសង្គ្រោះជីវិត។ យើងមានអ្នកជំងឺប្រមាណ៦០០នាក់ត្រូវដឹកចេញទៅព្យាបាល។ ការបិទមិនឲ្យមានការឆ្លងកាត់នេះ ធ្វើឲ្យពួកគេមិនអាចចេញទៅព្យាបាលជំងឺនៅខាងក្រៅបាន»។
អ្នកស្រី Chaib ថ្លែងថា មនុស្សចំនួន ៦០០ នាក់ដែលត្រូវបញ្ជូនចេញទៅព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសអ៊ីស្រាអែលរួមមានអ្នកជំងឺដែលមានជំងឺរ៉ាំរ៉ៃដូចជាជំងឺមហារីក និងអ្នកដែលត្រូវរបួសក្នុងពេលមានជម្លោះហិង្សានាពេលថ្មីៗនេះ។
អង្គការ WHO កំពុងអំពាវនាវស្វែងរកទឹកប្រាក់ចំនួន ៧ លានដុល្លារអាមេរិក ដើម្បីផ្តល់ការថែទាំផ្នែកវេជ្ជសាស្ត្រចាំបាច់នៅក្នុងតំបន់ Gaza ក្នុងរយៈពេល ៦ ខែខាងមុខ។ អាទិភាពនៃទឹកប្រាក់ជំនួយនេះរួមមានការជួយសង្គ្រោះបន្ទាន់ សុខភាពផ្លូវចិត្ត និងសេវាកម្មផ្នែកចិត្តសាស្ត្រសង្គម៕
មតិយោបល់