កំពង់ឆ្នាំង៖ បុរសម្នាក់ជាមេជាងផ្ទះម្នាក់ដ៍ចំណាន បានធ្វេសប្រហែសត្រូវបានជើងសសរថ្មរលំចំក្បាលរងរបួសធ្ងន់ ហើយបានស្លាប់ក្រោយពេលដឹកទៅដល់មន្ទីរពេទ្យខេត្តរយៈពេល៣ម៉ោង នៅពេលដែលគាត់នឹងអ្នកស្រុកក្នុងភូមិជួយលើកសសរផ្ទះមួយដើមដើម្បីតផ្ទះមកក្រោយ ត្រៀមរៀបចំការកូនស្រី។ឧបទ្ទេវហេតុនេះបានកើតឡើងនៅវេលាម៉ោង ៥និង១០នាទីល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៤ នៅក្នុងភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ស្ត្រីឈ្មោះ ឡាច គីម អាយុ៥២ឆ្នាំ ត្រូវជាប្រពន្ធបុរសរងគ្រោះបានរៀបរាប់អោយដឹងថា៖ប្តីរបស់គាត់ឈ្មោះ អឿ ស៊ីថា ហៅនុច អាយុ៥៣ឆ្នាំមានមុខរបរជាមេជាងមានបច្ចេក ទេសរំកិលផ្ទះ ឬស្ទូចផ្ទះដូរជើងសសរថ្មីដ៍ចំណានម្នាក់ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។មុនពេលកើតហេតុ រូបគាត់និងអ្នកភូមិ៣នាក់ទៀតបាននាំគ្នាជួយលើកជើងសសរថ្ម១ដើម ដើម្បីតផ្ទះមកក្រោយត្រៀមរៀនចំការកូនស្រីក្នុងរដូវរុះហើយខាងមុខនេះ។
នៅពេលកើតហេតុ អ្នកស្រុកក្នុងភូមិ៣នាក់និងរូបគាត់បាននាំគ្នាលើកសសរថ្មដែលមានជើងតាងពីក្រោមនោះឈរទៅហើយ ពេលនោះអ្នកភូមិបាននាំគ្នាទៅធ្វើការងារផ្សេង ទៀត ចំណែកគាត់បានឈរទាញរំកិលជើងសសរថ្មអោយត្រូវក្រិតម្នាក់ឯង ស្រាប់តែពេលនោះដីបានស្រុតធ្វើអោយជើងសសររលំដួល ហើយគាត់តាមទ្រសសរកុំដួលបោកខ្លាំងខ្លាចបាក់សសរ តែចៃដន្យនៅពេលគាត់កំពុងទ្រនោះកាត់បានជំពប់ជើងដួលផ្ងាកក្រោយ ត្រូវសសររលំបោកចំក្បាលរបស់គាត់ បណ្តាលអោយរងរបួសជាទម្ងន់។បន្ទាប់មកភា្លមៗនោះក្រុមគ្រួសារបានដឹកបញ្ជូនគាត់ទៅកាន់មន្ទីរខេត្ត ដើម្បីអោយក្រុមគ្រូពេទ្យខេត្តជួយសង្គ្រោះជីវិត ប៉ុន្តែដោយសភាពរបួសនៅលើក្បាលធ្ងន់ធ្ងរពេក គ្រូពេទ្យមិនអាចជួយសង្គ្រោះបាន ៣ម៉ោងក្រោយមកគាត់ក៍បានដាច់ខ្យល់ស្លាប់។
គ្រោះថ្នាក់ខាងលើនេះ ត្រូវបានអ្នកស្រុកក្នុងភូមិនិយាយថា៖បណ្តាលមកពីការធ្វេស ប្រហែស ព្រោះថារដូវនេះជារដូវវស្សា ធ្វើអោយដីស្រុតរលំសសរថ្មមានគ្រោះថ្នាក់ដល់អាយុជីវិតតែម្តង។បុរសម្នាក់នៅក្នុងពិធីបុណ្យសពនាព្រឹកថ្ងៃទី០៦ ខែតុលានេះបាននិយាយអោយដឹងថា៖មុនពេលតផ្ទះបន្ថែមមកក្រោយ ក្រុមគ្រួសារគាត់ក៍បានទៅរកគ្រូទាយ ផងដែរ តែគ្រូទាយប្រាប់ថា មិនអោយតផ្ទះនៅក្នុងរដូវវស្សានេះទេ ចាំរដូវរំហើយចាំធ្វើ ប៉ន្តែគាត់មិនជឿគ្រូទាយ ទើបមានគ្រោះថ្នាក់បែបនេះ ប៉ុន្តែការទស្សន៍ទាយនេះ គ្រាន់តែជាជំនឿអរូបិយប៉ុណ្ណោះ គ្រោះថ្នាក់ខាងលើនេះមកពីរូបគាត់មានការធ្វេសប្រហែស៕
មតិយោបល់