ព័ត៌មានជាតិ

ជនសង្ស័យ ៤នាក់ ត្រូវសមត្ថកិច្ចនគរបាលបង្រ្កាប និងចាប់ឃាត់ខ្លួនពីបទរក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់

ពោធិ៍សាត់: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ជនសង្ស័យ ០៤នាក់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជង សហការជាមួយកម្លាំងនគរបាលជំនាញគ្រឿងញៀនស្រុកបាកាន ដឹកនាំដោយលោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកាន បានចុះបង្រ្កាប និងចាប់ឃាត់ខ្លួនពីបទរក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ចំនួន ០២ករណី នៅកន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយ កាលពីថ្ងៃទី០៨ខែមិថុនា ឆ្នាំ ២០២១ នៅក្នុងភូមិបឹងប្រិយ៍ និងភូមិអូររំចេក ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ឯក នាង វុធ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលយើងបានចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុក ជួញដូរនិងប្រើប្រាស់សារធាតុញៀនទាំង០២ករណី ករណីទី១កាលពីវេលាម៉ោង ៨ និង ២៧នាទីយប់ នៅចំណុចផ្ទះឈ្មោះជ័រ វាសនា ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិបឹងប្រិយ៍ ឃុំត្រពាំជង ស្រុកបាកាន។

ក្នុងការបង្រ្កាបនេះសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ទី១–ឈ្មោះ ជ័រ វាសនា ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិបឹងប្រិយ៍ ឃុំត្រពាំជង ស្រុកបាកាន។

ទី២–ឈ្មោះ រឿន ខួច ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិបឹងប្រិយ៍ ឃុំត្រពាំងជង ស្រុកបាកាន។ សមត្ថកិច្ចយើងដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យសារធាតុញៀន ០៦កញ្ចប់ទម្ងន់(១,៩១ក្រាម),កាំភ្លើងស្នប់កែឆ្នៃ០២ដើម,ឧបករណ៍ឆក់ត្រី០១កំប្លេរ,ឧបករណ៍ជក់០១កំប្លេរ,កូនថង់រំលែកថ្នាំ២០ថង់,ដែកកេះ០៥និងកន្ត្រៃ០១។

លោកអធិការបានបន្តទៀតថា ការបង្ក្រាបករណីទី២កាលវេលាម៉ោង ៩និង៣២នាទីយប់ នៅចំណុចខ្ទមចាំស្រែស្ថិតក្នុងភូមិអូររំចេក ឃុំត្រពាំងជង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់

ទី១–ឈ្មោះមាស ស្រីខួច ភេទស្រី អាយុ ២៣ឆ្នាំ រស់នៅភូមិបឹងខ្នារ ឃុំបឹងខ្មារ ស្រុកបាកាន។

ទី២–ឈ្មោះ ស៊ិន សំបូរ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន និងដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌ស០១កញ្ចប់តូចទម្ងន់០.២៦ក្រាម,កាំភ្លើងស្នប់កែឆ្នៃ០២ដើម,កូនពូថៅ០១,អំពូលសម្រាប់ជក់០២កំណាត់,ឧបករណ៍ជក់០១កំប្លេរ,កាំបិតក្រង៉ុប០២,ដាវកែឆ្នៃ០១,ទូរស័ព្ទ០៣គ្រឿង,កូនកាបូបដៃ០១មានលុយខ្មែរ៦៥០០០រៀល,កូនកាំបិត០១,ដែកកេះ០៣និងកន្ត្រៃ០១។

បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ និងវត្ថុតាងខាងលើត្រូវបានកម្លាំងនគរបាល បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបំពេញបែបបទតាមនីតិវិធី៕

មតិយោបល់