នៅក្នុងជំនួបកំពូល សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក នឹងសម្រេចបង្កើតក្រុមការងារមួយ ទទួលបន្ទុកគ្រប់គ្រងសមត្ថភាពផលិតវ៉ាក់សាំង និងផលិតថ្នាំព្យាបាលកូវីដ១៩ ដើម្បីធានាឱ្យមានប្រព័ន្ធផ្គត់ផ្គង់ល្អនិងប្រាកដប្រជា និងគ្មានបម្រាមឥតប្រយោជន៍ដែលរំខានការនាំចេញ។
ក្រុមការងារនេះក៏នឹងត្រូវមានភារៈជំរុញឱ្យគ្រប់ប្រទេសចែករំលែកដោយស្ម័គ្រចិត្ត នូវចំណេះធ្វើនិងបច្ចេកវិទ្យាដែលខ្លួនមាន សម្រាប់បង្កើនផលិតកម្មពិភពលោក ទៅតាមព្រមព្រៀងគ្នាទៅវិញទៅមក។ មានន័យជាលក្ខខណ្ឌដែលគ្មានលក្ខណៈចាប់បង្ខំតម្រូវជាចាំបាច់ដូចការសុំឱ្យចែករំលែកកម្មសិទ្ធិបញ្ញាឡើយ។
ជាងនេះទៅទៀត សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក នឹងអះអាងបញ្ជាក់រួមគ្នាជាថ្មី នៅក្នុងសេចក្តីថ្លែងការណ៍រួមក្រោយការបិទបញ្ចប់ជំនួបកំពូល ការគាំទ្រយន្តការចែកចាយថ្នាំបង្ការកូវីដរបស់អង្គការសុខភាពពិភពលោក ហៅកាត់ថា កូវ៉ាក់ Covax ដើម្បីជំរុញឱ្យគ្រប់ប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍អាចទទួលថ្នាំបង្ការបានស្មើភាពគ្នា នៅទូទាំងពិភពលោក។
ដៃគូទាំងពីរក៏ នឹងសន្យាស្វែងរកជំនួយនិងផ្តល់វ៉ាក់សាំងកូវីដ១៩ ឱ្យបានគ្រប់២ពាន់លានដូស នៅដំណាច់ឆ្នាំ២០២១។ សហរដ្ឋអាមេរិកដែលធ្លាប់ត្រូវបានគេបន្ទោសថាគិតនិងផ្តល់អាទិភាពដល់តែពលរដ្ឋខ្លួនឯងនោះ បានសន្យានៅពេលនេះផ្តល់វ៉ាក់សាំងដែលមានសល់ចំនួន៨០លានដូសទៅឱ្យប្រទេសក្រីក្រ ចំណែកសហភាពអឺរ៉ុបសន្យាផ្តល់យ៉ាងហោច១០០លានដូស ដើម្បីធ្វើយ៉ាងណាឱ្យយ៉ាងហោច ២ភាគបីនៃប្រជាពលរដ្ឋនៅលើពិភពលោក បានទទួលថ្នាំបង្ការ នៅចុងឆ្នាំ២០២២។ នេះបើតាមគម្រោងសេចក្តីថ្លែងការណ៍រួមអឺរ៉ុប-អាមេរិកដដែល៕
មតិយោបល់