តាកែវៈ នៅថ្ងៃពុធ ១៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១០ និង២០នាទី មានករណីលួចមានស្ថានទម្ងន់ទោស មួយកើតឡើងនៅចំណុចលើផ្លូវលំ ស្ថិតក្នុងភូមិត្បែងទទឹង ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ បង្កឡើងដោយជនសង្ស័យចំនួន០៣នាក់ មិនស្គាល់អត្តសញ្ញាណ ស្លៀកពាក់ស៊ីវិល ជិះម៉ូតូធុន សង់ សេ១២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ បានជិះម៉ូតូធ្វើសកម្មភាពឆក់ខ្សែក ពីជនរងគ្រោះឈ្មោះ ម៉ម ធឿង ភេទស្រី អាយុ ៦៧ ឆ្នាំ ទីលំនៅ ឃុំកើតហេតុ បាត់បង់ខ្សែកមាស១ខ្សែទម្ងន់៥ ជី (ប្រាំជី) ខណៈពេលដែលជនរងគ្រោះ កំពុងដើរលើផ្លូវម្នាក់ឯង ។
ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបាននាំគ្នា ជិះម៉ូតូតាមផ្លូវទៅទិសខាងកើតបាត់ទៅ ។ បន្ទាប់ពីទទួលបានព័ត៌មាន និងពាក្យបណ្ដឹងពីជនរងគ្រោះ សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវស៊ើបអង្កេត តាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់ ពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត ព្រមទាំងដឹកនាំសម្របសម្រួល ដោយឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៩ និង០០នាទី កម្លាំងជំនាញបានកំណត់មុខសញ្ញា រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ មានឈ្មោះ ពិត សើ ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅភូមិតាម៉ុច ឃុំតាភេម ស្រុកត្រាំកក់ (មុខសញ្ញាមានដីកាបង្គាប់ ឱ្យចាប់ខ្លួនពីបទអំពើលួច) ។
បន្ទាប់ពីការសាកសួរចម្លើយរបស់ជនសង្ស័យឈ្មោះ ពិត សើ បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពឆក់ខ្សែក ពីជនរងគ្រោះខាងលើប្រាកដមែន ជាមួយបក្ខពួកចំនួន០២ នាក់ទៀត ជាអ្នកធ្វើសកម្មភាពជាមួយគ្នារួមមាន៖ ទី១-ឈ្មោះ សេង ហាប់ ហៅក្រឹម ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិតាម៉ុច ឃុំតាភេម ស្រុកត្រាំកក់ និងទី២-ឈ្មោះ ប៊ិន រ៉ាឌី ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិតាម៉ុច ឃុំតាភេម ហើយខ្សែកចំនួន ៥ជី (ប្រាំជី) ពួកគេយកទៅលក់នៅផ្សារថ្នល់បត់ បានប្រាក់ចំនួន ៣.០៣៥.០០០រៀល ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី និងកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យឈ្មោះ សេង ហាប់ និងឈ្មោះ ប៊ិន រ៉ាឌី ដែលបានរត់គេចខ្លួនបាត់ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
មតិយោបល់