ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបុកនិងកិនខ្ទេចអ្នកថ្មើរជើងម្នាក់ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃសុក្រ ២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៩ និង៤៥នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៤៣–៤៤ ត្រង់ចំណុចភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានរថយន្ត០១គ្រឿង មិនស្គាល់ម៉ាក និងអត្តសញ្ញាណអ្នកបើកបរ (បើកគេចបាត់) បើកបរពីទិសខាងកើតទៅទិសខាងលិច លុះពេលបើកមកដល់ចំណុចខាងលើ បានទៅបុក និងកិនមនុស្សម្នាក់ ភេទប្រុស មិនទាន់ស្គាល់ឈ្មោះ និងអាសយដ្ឋាន (សង្ស័យមនុស្សវិកលចរិត) ដែលកំពុងតែដើរនៅលើទ្រូងផ្លូវ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ដ បានបើករត់គេចទៅបាត់ ។ ចំពោះសាកសព មានសភាពខ្ទេច មើលលែងស្គាល់ ហើយបានប្រគល់ទៅអ្នកបើកបររថយន្ដ របស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ យកទៅរក្សាទុកនៅសាល ។ ករណីនេះកំពុងស្រាវជ្រាវបន្ដតាមនីតិវិធី ៕

មតិយោបល់