ព័ត៌មានជាតិ

(មានវីដេអូ) សមត្ថកិច្ចផ្ទុះអាវុធ២គ្រាប់ ក្របួចជាប់ចោរលួចកង់ឡានម្នាក់ក្នុងចំណោម៤នាក់

ភ្នំពេញ: កម្លាំងនគរបាល​ខណ្ឌចំការមនផ្ទុះអាវុធ២គ្រាប់ តាមចាប់មុខសញ្ញាលួចកង់រថយន្តនៅពេលយប់ ឃាត់ខ្លួន​ជន​សង្ស័យ​បាន​ម្នាក់ និង​៣នាក់ទៀតរត់គេចខ្លួនព្រលឹងចុងសក់ កាលពីវេលា១២និង៤០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវ ២១៧ ជិតផ្សារដើមគរ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។

ប្រភព​ឲ្យដឹងថា ជនសង្ស័យខាងលើឈ្មោះ ឯក សុធា អាយុ៣២ឆ្នាំ មានទីលំនៅនិងមុខរបរមិនច្បាស់លាស់ ។

យោងទៅតាមសំដីសាក្សីដែលឃើញហេតុការណ៍​ខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ គាត់ឃើញជនសង្ស័យចំនួន​៤ នាក់ បានកំពុងធ្វើសកម្មភាព លួចកង់រថយន្ដ រួចម្ចាស់កង់ឡានជាជនរងគ្រោះក៏បានស្រែកថា ចោរៗ រួចក៏មានជន៣នាក់ ពាក់សំលៀកបំពាក់ ស៊ីវិល បានជិះម៉ូតូដេញតាមទាញកាំភ្លើងបាញ់ចំនួន២គ្រាប់ ផ្អើលប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុខាងលើ ​​ដេញ​ចាប់ជនសង្ស័យបាន​ម្នាក់ក្នុងចំណោម៤នាក់ រួចក៏នាំគ្នាស្វាគមន៍​​​មួយដៃមួយជើង រងរបួសយ៉ាងដំណុំ ទើបប្រគល់ឲ្យសមត្ថកិច្ច។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍​រដ្ឋបាលទួលស្វាយព្រៃ២ បានឃាត់ខ្លួនជនសង្ស័យខាងលើ យកទៅសាកសួរបន្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

មតិយោបល់