ព័ត៌មានជាតិ

អ្នកលួចទ្រព្យសម្បត្តិ និងអ្នកសមគំនិតចំនួន០២នាក់ ត្រូវកម្លាំងនគរបាលខេត្តបាត់ដំបងឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពរួចតែប៉ុន្មានម៉ោងប៉ុណ្ណោះ

បាត់ដំបងៈ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ១៦និង០០នាទី អនុវត្តតាមបទបញ្ជាដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមជាមួយយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំធ្វើការស្រាវជ្រាវ រហូតឈានទៅបង្រ្កាបករណី លួចដោយមានស្ថានទម្ងន់ទោស (លួចទ្រព្យសម្បត្តិ) របស់ប្រជាពលរដ្ឋចំនួន០១ករណី នៅក្នុងមូលដ្ឋានឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង បន្ទាប់ពីជនសង័្សយធ្វើសកម្មភាពបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ ។

ជនសង័្សយទាំងពីរនាក់នោះគឺ៖ ១-ឈ្មោះ ដន សិលា ភេទប្រុស អា យុ១៨ឆ្នាំ រស់ នៅភូមិតា សាញ ឃុំតា សាញ់ ស្រុកសំឡូត ខេត្តបាត់ដំបង (អ្នកធ្វើសកម្មភាពផ្ទាល់) ។ ២-ឈ្មោះពៅ ម៉ាប់ ភេទប្រុស អាយុ ៤៦ឆ្នាំ រស់ នៅភូមិរំចេក ឃុំកកោះ ស្រុ កមោងឫស្សី ខេត្តបាត់ដំបង (អ្នកសមគំនិត)។

សូមជម្រាបជូនថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០០ និង ២៥នាទី មានករណីលួច ដោយមានស្ថានទម្ងន់ទោស ០១កើត ឡើងបង្កដោយជនសង្ស័យពុំស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាត់សោច្រវ៉ាក់ លួចយកម៉ូតូកង់បី ម៉ាកស៊ុយស៊ុយគីស្មាក់ (ចាស់) គ្មានផ្លាកលេខ ពណ៌ខ្មៅ និងលួចយកកំប៉ុងអេតចាយចំនួន០១ការ៉ុង និងត្រី ជារបស់ឈ្មោះ យួន ធីម ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឫស្សី២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាអាជីករលក់ម្ហូបក្នុងផ្សាររាត្រី ( ចំណុចកើតហេតុខាងលើ) ។

នៅព្រឹកឡើងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ជនរងគ្រោះបានដាក់ពាក្យបណ្តឹង ចូលមកសមត្ថកិច្ចនគរបាល ពីករណីចោរកម្មខាងលើ ដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវ រកទ្រព្យសម្បត្តិមកឱ្យខ្លួនវិញ ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងនេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវភ្លាមៗ រហូតដល់រសៀលថ្ងៃដដែល ទើបកំណត់បានពីមុខសញ្ញានេះ និងឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២ នាក់ខាង លើតែម្តង និងដកហូតបានម៉ូតូកង់បីប្រគល់ជូនម្ចាស់វិញ ។

ជុំវិញករណីនេះ លោកអធិការនគរបាលស្រុកបាន ឱ្យដឹងថា មុខសញ្ញាជាជនសង័្សយឈ្មោះ ដន សិលា ដែល មានទីលំនៅឯឃុំតាសាញ ស្រុកសំឡូត មកធ្វើជាកម្មករនៅក្នុងសិប្បកម្មមួយកន្លែង ក្នុងស្រុកមោងឫស្សី ។ តាមចម្លើយសារភាពរបស់គាត់ថា នាពេលកន្លងទៅគាត់ធ្លាប់លួចទ្រព្យសម្បត្តិរបស់ពលរដ្ឋ នៅក្រុងបាត់ដំបង មុន ពេលដែលគាត់ផ្លាស់ទៅធ្វើជាកម្មករនៅស្រុកមោងឫស្សី ហើយនៅថ្ងៃកើតហេតុនេះគាត់តែម្នាក់ឯង កាត់សោច្រវ៉ាក់ចាក់ម៉ូតូហើយ លួច យកម៉ូតូកង់បីនេះ ពេលលួចបាន ក៏ទំនាក់ទំនងជាមួយឈ្មោះ ពៅ ម៉ាប់ នាំយកម៉ូតូនេះទៅលក់ ហើយក៏ត្រូវបានសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្នជនសង្ស័យខាងលើទាំង០២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុក រៀបចំបញ្ជូនមកការិយាល័យជំនាញ ដើម្បីអនុវត្តតាមច្បាប់ ៕

មតិយោបល់