ព័ត៌មានជាតិ

ប្រកាសតែងតាំងប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញថ្មី ជំនួសប្រធានមន្ទីរចាស់ដែលទៅបំពេញការងារជាប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ

ភ្នំពេញ: អនុប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ លោកស្រី គឹម សុវណ្ណា ត្រូវបានប្រកាស់តែងតាំងជាប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ជំនួសលោក តាំង សុចិត្រគ្រឹស្នា ដែលបានផ្ទេរភារកិច្ចទៅធ្វើជាប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ។

ពិធីនេះត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៥ សីហា ២០១៦នៅសាលារាជធានីភ្នំពេញក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ប៉ា សុជាតិវង្ស អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្រោមឱវាទសាលារាជធានីភ្នំពេញជាច្រើនរូបទៀត ។

លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍លើកឡើងថា ការប្រកាសតែងតាំងប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញថ្មី ធ្វើឡើងជារឿងធម្មតា ក្រោយពីលោក តាំង សុចិត្រគ្រឹស្នា ដែលបានផ្ទេរភារកិច្ចទៅធ្វើជាប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ កាលពីពេលកន្លងមកនេះ ។លោកប៉ា សុជាតិវង្សបានស្នើឲ្យប្រធានមន្ទីរថ្មីត្រូវយកចិត្តទុកដាក់ និងបំពេញការងារបស់ខ្លួនឲ្យអស់លទ្ធភាព ពិសេសត្រូវខិតខំធ្វើការស្រាវជ្រាវ រកយុទ្ធសាស្រ្តថ្មីៗ ដើម្បីជំរុញឲ្យមន្ទីរអនុវត្តការងាររលើវិស័យទេសចរណ៍នេះបំពេញការងារដំណើរការទៅទទួលបានជោគជ័យ។ ជាពិសេសថែមទៀតនោះ លោកប៉ា សុជាតិវង្សក៏បានជម្រុញឲ្យលោកស្រីប្រធានមន្ទីរថ្មីនេះត្រូវសហការឲ្យបានល្អជាមួយកម្លាំងមានសមត្ថកិច្ចនិងស្ថាប័នពាក់ព័ន្ធផ្សេងទៀត និងត្រូវសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ នោះទើបការងារទាំងឡាយសម្រេចបានជោគជ័យ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងឱកាសនោះបានមានប្រសាសន៍ ថា វិស័យទេសចរណ៍ ជាវិស័យសេដ្ឋកិច្ចដ៏សំខាន់មួយសម្រាប់កម្ពុជាយើង ដោយយើងមានទាំង រុក្ខជាតិ មានទាំងប្រាងប្រាសាទ និងសមុទ្រជាដើម ។វិស័យនេះមិនត្រឹមតែបាននាំចំណូលឲ្យកម្ពុជាបានថវិកាយ៉ាងច្រើនប៉ុណ្ណោះទេ តែវាក៏បានបង្កើតឲ្យមានការងារឲ្យប្រជាពលរដ្ឋខ្មែរមានការងារធ្វើផងដែរ។  ប្រាសាទអង្គរជាប់ចំណាត់ថ្នាក់លេខ១នៅតំបន់អាស៊ីនិងជាប់ចំណាត់ថ្នាក់លេខ២នៅលើពិភពលោក ដោយហេតុនេះហើយបានជារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងណាស់លើវិស័យទេសចរណ៍នេះ។

លោកបន្តថា នៅរាជធានីភ្នំពេញលើវិស័យទេសចរណ៍នេះក៏មានសក្តានុពលខ្លាំងក្លាផងដែរ ដោយយើងមានតំបន់ទេសចរណ៍និងរមរណីយដ្ឋានជាច្រើនកន្លែង ហើយភ្នំពេញយើងក៏នឹងអាចពង្រីកឬបង្កើនតំបន់ទេសចរណ៍បានជាច្រើនកន្លែងទៀតផងដែរ៕

photo_2016-08-15_19-20-41

photo_2016-08-15_19-20-49

photo_2016-08-15_19-20-58

photo_2016-08-15_19-21-02

photo_2016-08-15_19-21-07

photo_2016-08-15_19-21-10

photo_2016-08-15_19-21-15

មតិយោបល់