ព័ត៌មានជាតិ

មនុស្ស ២នាក់រងរបួសធ្ងន់ស្រាល ករណីគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកវាលវែង

ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា មានជនរងគ្រោះប្រុសស្រីពីរនាក់រងរបួសធ្ងន់ស្រាល ដោយឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តម៉ាក សាំយ៉ុង និងម៉ូតូម៉ាកវ៉េវអាល់ហ្វា នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ចន្លោះគីឡូម៉ែត្រលេខ៨៨–៨៩ ស្ថិតនៅចំណុចស្រែពាំង ក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលកើតហេតុ គេឃើញមាន រថយន្តម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2W 4108 ធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចកើតហេតុ បានបុកម៉ូតូម៉ាក វ៉េវ អាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះគ្នាពីរនាក់ បើកបរក្នុងទិសដៅស្របគ្នា បណ្តាលឲ្យអ្នកជិះម៉ូតូទាំងពីររងរបួសធ្ងន់ស្រាល ក្រោយឃើញហេតុការណ៍ដូចនេះ បានរាយការណ៍ជូនសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ បញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ និងសម្រួលចរាចរណ៍នៅកន្លែងកើតហេតុ ។

លោកវរសេនីយ៍ឯក ធាង ឡេង អធិការ នៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានអោយដឹងថា ជនរងគ្រោះត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណ ទី១ឈ្មោះ​ ជា​ នី​ ភេទប្រុស​ អាយុ​ ៤០​ឆ្នាំ​ ជាអ្នកបើកបរម៉ូតូ រងរបួសស្រាល ទី២ឈ្មោះ​ ទ្រី​ ស្រីមុំ​ ភេទស្រី​ អាយុ​ ៤១​ឆ្នាំ​ ជាអ្នករួមដំណើរ រងរបួសធ្ងន់​ អ្នកទាំងពីរនាក់​រស់នៅ​ចំណុចតាំងយ៉រ​ ភូមិស្ទឹងថ្មី​ ឃុំប្រម៉ោយ ស្រុកវាលវែងខេត្តពោធិ៍សាត់ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកឯអ្នកបើកបររថយន្តមានឈ្មោះទុយ សុផល ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ កំពុងរង់ចាំការដោះស្រាយ ។ លោកអធិការបានបន្តថា ចំពោះគ្រោះថ្នាក់ចរចាណ៍នេះ គឺបង្កឡើងដោយកត្តាប្រើប្រាស់ល្បឿន និងបើកបរគ្មានការប្រុងប្រយ័ត្ន​ បច្ចុប្បន្ន រថយន្ត​ និងម៉ូតូ ត្រូវបានរក្សាទុក​នៅអធិការដ្ឋាននគរបាលស្រុក​ កសាងសំណុំរឿង ដោះស្រាយតាមនីតិវិធី​ច្បាប់ ៕

មតិយោបល់