ការកាត់ក្ដីលើមេដឹកនាំដែលត្រូវបានទម្លាក់ពីតំណែង របស់សហភាពមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi បានឈានចូលថ្ងៃទី២ កាលពីថ្ងៃអង្គារ ទី១៥ ខែមិថុនា ដោយតុលាការបានបង្ហាញអំណះអំណាងដែលថា លោកស្រីបានញុះញង់ឱ្យមានភាពច្របូកច្របល់ជាសាធារណៈ និងបានបដិសេធវិធានការរឹតត្បិតទប់ស្កាត់ការឆ្លងរាលដាលជំងឺ COVID-19 ជាផ្នែកមួយនៃការចោទប្រកាន់ដោយរបបយោធាកំពុងកាន់អំណាច ដែលត្រូវបានគេមើលឃើញថា ជាលេសដើម្បីទម្លាក់កិត្តិយសរបស់លោកស្រី និងពង្រឹងការគ្រប់គ្រងរបស់ខ្លួន។
លោកស្រី Aung San Suu Kyi និងសមាជិកដទៃទៀតនៃរដ្ឋាភិបាល និងគណបក្សរបស់លោកស្រីត្រូវបានចាប់ខ្លួនដោយយោធា បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ដោយការចោទប្រកាន់ពីបទព្រហ្មទណ្ឌប្រឆាំងនឹងឥស្សរជនកំពូលៗមួយចំនួន ដែលទាំងអ្នកគាំទ្រ និងអ្នកសង្កេតការណ៍ឯករាជ្យនិយាយថា ជារឿងមិនពិត។ រដ្ឋប្រហារបានផ្លាស់ប្ដូរកំណែទម្រង់ ប្រជាធិបតេយ្យជាច្រើនឆ្នាំនៅក្នុងសហភាពមីយ៉ាន់ម៉ា បន្ទាប់ពីការគ្រប់គ្រងដោយរបបសឹកជាច្រើនទសវត្ស និងបានបង្កឱ្យមានការតវ៉ារីករាលដាល និងការថ្កោលទោសអន្តរជាតិ។
លោកស្រី Suu Kyi និងគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រីគ្រោងនឹងចាប់ផ្ដើមអាណត្តិទី២ មានរយៈពេល ៥ឆ្នាំបន្ទាប់ពីទទួលបានជ័យជម្នះដ៏ច្រើនលើសលុប នៅក្នុងការបោះឆ្នោតសកលកាលពីខែវិច្ឆិកា។ លោកស្រី Suu Kyi មិនត្រូវបានគេមើលឃើញជាសាធារណៈទេ ចាប់តាំងពីមានការចាប់ខ្លួនលោកស្រី ហើយមេធាវីរបស់លោកស្រីនិយាយថា ពួកគេមិនដឹងច្បាស់ថា លោកស្រីត្រូវបានគេឃុំឃាំងនៅទីណាទេ។ លោកស្រីក៏មានពេលវេលាកំណត់ ដើម្បីពិគ្រោះយោបល់ជាមួយក្រុមមេធាវីរបស់ខ្លួនដែរ៕
មតិយោបល់