ព័ត៌មានជាតិ

លោក គីម ជុងអ៊ុន ទទួលស្គាល់វិបត្តិស្បៀងអាហារបង្កឡើងដោយកូវីដ-១៩ និងព្យុះទីហ្វុង

 

(សេអ៊ូល)៖ មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា សេដ្ឋកិច្ចប្រទេសរបស់លោកមានភាពប្រសើរឡើងវិញហើយនៅឆ្នាំ២០២១នេះ តែលោក ទទួលស្គាល់ពីវិបត្តិស្បៀងអាហារ ដែលបណ្តាលមកពីការឆ្លងរាតត្បាតជំងឺ COVID-19 និងការវាយប្រហារដោយព្យុះទីហ្វុង កាលពីឆ្នាំ២០២០កន្លងទៅ។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន ធ្វើការកត់សម្គាល់ខាងលើ នា ឱកាសធ្វើជាប្រធានដឹកនាមកិច្ចប្រជុំពេញអង្គ នៃគណៈកម្មាធិការមជ្ឈិមបក្សពលករកំពុងកាន់អំណាច កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីត្រួតពិនិត្យឡើងវិញនូវវឌ្ឍនភាពគោលនយោបាយសំខាន់ៗ និងវិធានការសិប្បកម្ម ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច។

នៅក្នុងកិច្ចប្រជុំនោះ លោក គីម បានគូសបញ្ជាក់ថា សេដ្ឋកិច្ចទាំងមូលនៃប្រទេសកូរ៉េខាងជើង មានភាពប្រសើរឡើងវិញហើយ នៅឆមាសទី១ នៃឆ្នាំ២០២១នេះ ដោយមានទិន្នផលឧស្សាហកម្មកើនឡើង ២៥% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ លោក គីម បានសង្កត់ធ្ងន់ទៀតថាស្ថានភាពស្បៀងអាហាររបស់ប្រជាជន នាពេលឥឡូវនេះ កាន់តែមានភាពតានតឹងឡើង ខណៈវិស័យកសិកម្ម មិនបានបំពេញទៅតាមផែនការផលិតកម្មរបស់ខ្លួន ដោយសារតែការខូចខាត បង្កឡើងដោយព្យុះទីហ្វុងកាលពីឆ្នាំ២០២០ កន្លងទៅនេះ។

រហូតមកទល់ពេលនេះ ប្រទេសកូរ៉េខាងជើង មិនទាន់បានបញ្ជាក់ជាផ្លូវការ នូវការរកឃើញករណីឆ្លងជំងឺ COVID-19 ណាមួយឡើយ។ ទោះជាយ៉ាងណា ប្រទេសនេះបានដាក់ចេញនូវវិធានការ ប្រយុទ្ធប្រឆាំងនឹងជំងឺនេះយ៉ាងតឹងរ៉ឹង រួមមានការបិទព្រំដែន និងការរឹតត្បិតលើការធ្វើដំណើរក្នុងស្រុកជាដើម៕

ប្រភព៖​​​​​​ AFP

 

មតិយោបល់