ព័ត៌មានជាតិ

ជនសង្ស័យ​៥នាក់ ត្រូវកម្លាំង​ការិយាល័យប្រឆាំង​គ្រឿងញៀន​ខេត្ត​កែប បញ្ជូនទៅតុលាការ​ ពាក់ព័ន្ធករណីគ្រឿងញៀន

​កែបៈ យោងតាមផក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ដោយមាន​ការសម្របសម្រួល​នីតិវិធីពី​លោក ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពត នៅព្រឹកថ្ងៃចន្ទ ០១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក​​ ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា​ ឆ្នាំ២០២០ កម្លាំង ការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តកែប បានបញ្ជូនជនសង្ស័យចំនួន៥នាក់ រួមទាំងវត្ថុតាង ទៅសាលាដំបូងខេត្តកំពត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ។

ប្រតិបត្តិការនេះបានបង្ក្រាបកាលពីថ្ងៃទី០៤ ខែកក្កដា​ ឆ្នាំ២០២០ តាមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប នៅចំណុចដីឡូត៍មួយកន្លែង ក្នុងភូមិកែប សង្កាត់​/ក្រុងកែប ដោយបានឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១នាក់​ ឈ្មោះ កែវ ណាក់ ភេទប្រុស អាយុ​២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកែប សង្កាត់/ក្រុងកែប ។

ក្រោយពីអនុវត្តនីតិវិធីជំនាញ នៅរសៀល ថ្ងៃទី០៥ ខែកក្កដា​ ឆ្នាំ២០២០ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តកែប បានបន្តនីតិវិធី ទៅសហកាជាមួយកម្លាំងនគរបាលក្រុងកំពត ខេត្តកំពត ឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យដែលជាបក្ខពួក ពាក់ព័ន្ធករណីខាងលើចំនួន៤នាក់ បន្ថែមទៀត ដែលមានឈ្មោះដូចខាងក្រោម ៖

១/ ពៅ ទិត្យរស្មី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្រុង/ខេត្តកំពត ។ ២/ ហ៊ឹម វូកើត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ។
៣/ ឈា ស្រីនិច ភេទស្រី អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅខេត្តតាកែវ ។៤/ រ៉ាត់ ស្រីពេជ្រ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ប្រតិបត្តិការទាំង២លើកដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមព៌ណសថ្លាចំនួន៥កញ្ចប់(ធំ៤កញ្ចប់ , តូច១កញ្ចប់) ស្មើនិង១៣.៧៦g ថ្លឹងទាំងថង់ , ម៉ូតូចំនួន៣គ្រឿង , ទូរស័ព្ទចំនួន៦គ្រឿង , លុយ៣០ម៉ឺន , ខ្សែដៃលោហ:ធាតុចំនួន១ខ្សែ និងឧបករណ៍ជក់មួយចំនួនទៀតផងដែរ ៕

មតិយោបល់