ភ្នំពេញៈ ពេញមួយរសៀលថ្ងៃទី១៥ សីហា ខ្សែរឿង«កំពូលល្ងង់នៅអាស៊ី»ត្រូវគេឃើញចេញថតឈុតធំយ៉ាងសស្រាក់សស្រាំនៅម្ដុំជើងភ្នំបាសិត។ នេះជាជាខ្សែខ្នាតធំ ដែលបានទទួលការចាប់អារម្មណ៍យ៉ាងច្រើន ដោយសារតែខ្សែរឿងនេះមានឈុតឆាកប្លែក ចំណងជើងក៏ប្លែក និងមានលក្ខណៈទាក់ទាញយ៉ាងខ្លាំង បើធៀបនឹងរឿងប្រភេទកំប្លែងផ្សេងទៀត។
លោក ឡេង ណាវ៉ាត់ត្រា ដែលត្រូវគេស្គាល់ថាជាអតីតពលករបម្រើការនៅក្នុងប្រទេសកូរ៉េ និងជាអ្នកចាត់ការទូទៅប្រចាំផលិតកម្ម Galaxy បានអះអាងថា ខ្សែរឿង«កំពូលល្ងង់ទាំង៤» ត្រូវបានដំណើរការចេញថតប្រមាណជា៣-៤ថ្ងៃមកហើយ ប៉ុន្តែលោកថាសកម្មភាពចេញថតកាលពីថ្ងៃទី១៥ សីហា គឺការថតប្លង់ធំ ដែលមានវត្តមានតារាល្បីបង្ហាញខ្លួន។ លោកថារឿងនេះ គឺជាប្រភេទរឿងថ្មីមិនចម្លងពីគេ ដោយសូម្បីតែឈុតឆាកបែបកំប្លែង ឬ ឈុតឆាកណាមួយក្នុងរឿង ឲ្យតែរកឃើញថា មានគេសម្ដែងរួចហើយគឺត្រូវបានដកចេញទាំងអស់។ លោកថារឿងនេះ មានការនិពន្ធផ្ទាល់ចេញពីគំនិតរបស់លោក ប៉ុន្តែមានការសម្រួលពីលោកចែម ចាន់ដារ៉ា ហៅពែកមី ជាតួអង្គសម្ដែង ទើបធ្វើឲ្យរឿងទាំងមូលគឺអាចនិយាយបានមិនជាន់នឹងសាច់រឿងផ្សេងៗ។
លោកនិយាយថា«ខ្ញុំអាចនិយាយថារឿងហ្នឹងអត់ចម្លងពីគេ ដោយសារតែសាច់រឿងថ្មីហើយ សូម្បីតែប្លង់ណាដែលយើងដឹងថាគេមានហើយយើងកែប្រែភ្លាម! ខ្ញុំគិតថារឿងហ្នឹងខ្ញុំត្រូវអរគុណដល់លោកពែកមីមែនទែន ដែលគាត់ធ្លាប់សម្ដែងច្រើនហើយគាត់ដឹងថាកន្លែងណាថ្មី កន្លែងណារឿងគេមានហើយ!»។ លោកហាក់រំពឹងយ៉ាងខ្លាំងថា រឿង«កំពូលល្ងង់នៅអាស៊ី» នឹងក្លាយជាស្នាដៃប្រកួតប្រជែងក្នុងវិស័យភាពយន្តបញ្ចាំងតាមកុន ដោយសារតែរឿងមួយក្រៅពីប្រើសម្ភារៈថតកុនទំនើប ក៏បានរួមបញ្ចូលដោយផលិតករ និងអ្នកដឹកនាំសម្ដែងដែលមានស្នាដៃ។ លោកថារឿងនេះក្រោយពេលថតចប់ នឹងគ្រោងដាក់បញ្ចាំងនៅអំឡុងខែ១០ ឬខែ១១ខាងមុខ ហើយតួអង្គសំខាន់ៗរួមមាននាយគ្រឿន លោកពែកមី នាយកណ្ដុរ និងតួអង្គសំខាន់ៗផ្សេងៗ គឺនឹងត្រៀមខ្លួនរំលេចភាពក្រមិចក្រមើមធ្វើឲ្យផ្អើលពិភពភាពយន្តសម្រាប់មួយរឿងនេះផងដែរ ដោយប្រកាសថាមិនធ្វើការសម្ដែងនូវស្ទីលដដែលៗដូចដែលធ្លាប់បានឃើញនៅក្នុងពិភពភាពយន្តនោះឡើយ។ ក្រៅពីបានប្រកាសពង្រឹងលើគុណភាពក្នុងរឿង«កំពូលល្ងង់នៅអាស៊ី»នេះ លោកឡេង ណាវ៉ាត់ត្រា ដែលត្រូវគេស្គាល់ថាមានជំនាញតែងនិពន្ធ និងផលិតបទភ្លេងថ្មី ក៏ប្រកាសពង្រឹងវិស័យផលិតចម្រៀងនៅក្នុងផលិតកម្ម Galaxy ឲ្យមានភាពប្រកួតប្រជែងផងដែរ៕



























មតិយោបល់