បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់បានស្រាវជ្រាវឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ បន្ទាប់ពីមានពាក្យបណ្តឹងពីភាគីម្ចាស់ម៉ូតូ ។
ម្ចាស់ម៉ូតូមានឈ្មោះ ព្រាប សារី ភេទប្រុស អាយុ៦២ឆ្នាំ និងប្រពន្ធឈ្មោះ យន់ ថានី អាយុ៥៦ឆ្នាំ រស់នៅភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ។ ម៉ូតូម៉ាកឃ្លិច ពណ៌ក្រហម ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ បាត់ដំបង 1L-6350 បានបាត់នៅចំណុចលើថ្នល់ខាងលិចប្រឡាយចិនផ្លូវទៅជីហង់ ភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៩និង០០នាទី ។
ក្រោយទទួលពាក្យបណ្តឹង នៅថ្ងៃដដែលវេលាម៉ោង១១និង១០នាទី កម្លាំងអធិការនគរបាលស្រុកបាណន់ បានធ្វើការស្រាវជ្រាវនិងស៊ើបអង្កេតរកមុខសញ្ញា ទើបកំណត់បានជនសង្ស័យ រហូតឈានចូលដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឡាយ ម៉េងឡុង ភេទប្រុស អាយុ ២៣ឆ្នាំ រស់ទីលំនៅចំណុចជីហង្ស ភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ។ សមត្ថកិច្ចបានធ្វើការដកហូតម៉ូតូ១គ្រឿងជារបស់ជនរងគ្រោះ និងបានធ្វើការ ប្រគល់ជូនម្ចាស់ដើមវិញ ។
ករណីនេះ សមត្ថកិច្ចបានរៀបចំសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕

មតិយោបល់