ភ្នំពេញៈ រថយន្តបែនដឹកដី១គ្រឿង បានបើកបរក្នុងល្បឿនលឿន លុះដល់ចំណុចផ្លូវកែងបត់បង្ខំពេក បណ្ដាលឲ្យក្រឡាប់ សង្កត់លើម៉ូតូ១គ្រឿង ព្រមទាំងកន្លែងលក់ដូរ បណ្ដាលឲ្យរងការខូចខាត ទូលក់ទឹកក្រឡុក បង្អែមនិងទូលក់នំបុ័ងសាច់ តែជាសំណាងពុំមានអ្នករងរបួសឡើយ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១០ នាទីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ នៅតាមផ្លូវបេតុង កែងផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបែនដែលក្រឡាប់ ពណ៌ស លាយទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 3A-1178 បើកបរដោយបុរសម្នាក់ ហើយនៅមុនពេលកើតហេតុ គេបានឃើញរថយន្តនេះ បើកបរលឿនក្នុងទិសដៅពីត្បូងទៅជើង ពេលទៅដល់ចំណុចកើតហេតុ បានបត់ឆ្វេងឡាកួរចូលទៅតាមផ្លូវបេតុង វត្តគោកខ្សាច់យ៉ាងបង្ខំទើបក្រឡាប់សង្ត់ម៉ូតូ១គ្រឿង និងចាក់ដីចោលសង្កត់លើ ទូទឹកក្រឡុកនិងទូលក់នំបុ័ងសាច់ បណ្ដាលឲ្យរងការខូចខាត ។ ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះ បានចុះទៅពិនិត្យមើលជាក់ស្ដែង រួចឲ្យភាគីទាំងអស់សម្រួលគ្នា បញ្ចប់រឿងនៅនឹងកន្លែង ៕










មតិយោបល់