ព័ត៌មានជាតិ

រថយន្ដហាយឡែនឌ័រ បុកគូទបាឡែន១គ្រឿង រួចបើករត់គេច ត្រូវសមត្ថកិច្ច៣ខណ្ឌដេញឃាត់

ភ្នំពេញៈ រថយន្ដកាម៉ារីបាឡែនមួយគ្រឿង កំពុងឈប់ភ្លើងស្តុបចរាចរណ៍ ស្រាប់តែរថយន្តមួយគ្រឿងទៀត ធ្វើដំណើរស្របទិសគ្នាមកពីក្រោយក្នុងល្បឿនលឿន បុកផ្ទប់ពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងពីរគ្រឿង បន្ទាប់មករថយន្ដបង្កហេតុ មិនព្រមឈប់នោះទេ បន្ថែមល្បឿនបើករត់គេចខ្លួន ស្របពេលកម្លាំងអន្តរាគមន៍ខណ្ឌជ្រោយចង្វា ប្រទះឃើញក៏ប្រដេញតាមឃាត់រថយន្ដបង្ក តាំងពីខណ្ឌជ្រោយចង្វារហូតមកដល់ខណ្ឌទួលគោក ទើបឃាត់បាន បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ នៅមុខសកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

រថយន្ដបង្កម៉ាក toyota highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AG-5385 បើកបរដោយបុរសម្នាក់ជាជនបរទេស ។

ប្រភពពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា មុនកើតហេតុគឺរថយន្តបង្កខាងលើ បានបើកបុកគូទរថយន្តកាម៉ារីបាឡែនមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AL-8844 កំពុងឈប់រង់ចាំភ្លើងស្តុបនៅលើផ្លូវជាតិលេខ៦ កែងផ្លូវបត់មករង្វង់នាងមច្ឆា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា បណ្តាលឲ្យរងការខូចខាតមួយកំណាត់ក្រោយ ។ បន្ទាប់មកពីរថយន្ដបង្កខាងលើ មិនព្រមឈប់ទទួលខុសត្រូវទេ បែរជាបើកបន្ថែមល្បឿន រត់គេចខ្លួនស្របពេលកម្លាំងអន្តរាគមន៍ខណ្ឌជ្រោយចង្វា ល្បាតក្នុងមូលដ្ឋានប្រទះឃើញក៏ប្រដេញតាមឃាត់អោយឈប់ រហូតមកដល់ខណ្ឌដូនពេញ ក៏ត្រូវបានកម្លាំងអន្តរាគមន៍ខណ្ឌដូនពេញជួយប្រដេញឃាត់ទៀត តែរថយន្តបង្កនៅតែមិនព្រមឈប់បន្តទៅមុខយ៉ាងលឿន រហូតដល់ផ្លូវសហព័ន្ធរុស្ស៊ីចូលទឹកដីខណ្ឌទួលគោក ក៏ត្រូវកម្លាំងល្បាតខណ្ឌជួយប្រដេញតាមឃាត់ រហូតដល់មុខសកលវិទ្យាល័យភូមិន្ទភ្នំពេញទើបឃាត់រថយន្ដបង្កខាងលើជាប់ ។

ក្នុងហេតុការណ៍នោះដែរ ប្រជាពលរដ្ឋមានការខឹងសម្បារយ៉ាងខ្លាំង ចំពោះម្ចាស់រថយន្ត ដែលគ្មានទំនួសខុសត្រូវ គ្រោះថ្នាក់ចរាចរណ៍តិចតួចមិនព្រមឈប់ដោះស្រាយ បែរជាបើករត់គេចខ្លួនចុះបើករត់ទៅបុកអ្នកផ្សេង ដែលមិនដឹងអ្វីបង្កទៅជារឿងធំទៅហើយក្នុងហេតុការណ៍នោះ ប្រជាពលរដ្ឋបម្រុងនិងកាត់ក្ដីដោយកំហឹងទៅហើយ តែដោយសារតែមានសមត្ថកិច្ចនៅទីនោះ ហាមឃាត់កុំអីម្ចាស់រថយន្តប្រហែលរបួសធ្ងន់ហើយមើលទៅ ។

ក្រោយកើតហេតុរថយន្ដបង្ករួមទាំងម្ចាស់រថយន្ត ត្រូវបានសមត្ថកិច្ចនាំទៅកាន់អធិកាដ្ធានខណ្ឌជ្រោយចង្វា ដើម្បីដោះស្រាយគ្នាជាមួយម្ចាស់រថយន្តរងគ្រោះ ៕

មតិយោបល់