ព័ត៌មានជាតិ

ស្លាប់២នាក់ភ្លាមៗករណីបុរសម្នាក់ស្រវឹងស្រាបើកគោយន្តច្នៃបុកជាមួយម៉ូតូ

បន្ទាយមានជ័យ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាគោយន្តច្នៃដឹងពាងមួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងបានប៉ះទង្គិចជាមួយម៉ូតូមួយគ្រឿងបណ្តាលឲ្យស្លាប់មនុស្ស២នាក់នៅនឹងកន្លែងកើតហេតុ។

ករណីនេះគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងវេលាម៉ោង២៣និង១០នាទីថ្ងៃ១៨ខែមិថុនាឆ្នាំ២០២១ត្រង់ចំណុចចន្លោះបង្គោលភ្លើងលេខ២៥៤-២៥៥ក្នុងភូមិរោគោដើមឃុំចំណោមស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះដែលស្លាប់ឈ្មោះឌិតហាក់ភេទប្រុសអាយុ៥៣ឆ្នាំជាប្រជាការពារឃុំរស់នៅភូមិគោកពន្លៃឃុំចំណោមស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យជាអ្នកបើកម៉ូតូ(មិនពាក់មួកសុវត្ថិភាព)ស្លាប់កន្លែងកើតហេតុនិងឈ្មោះបុត្រផាភេទប្រុសអាយុ៤១ឆ្នាំជាប្រជាការពារឃុំនៅភូមិគោកពន្លៃឃុំចំណោមស្រុកមង្គលបូរីជាអ្នករួមដំណើរម៉ូតូ(មិនពាក់មួកសុវត្តិភាព)ស្លាប់នៅកន្លែងកើតហេតុ។ចំណែកអ្នកបើកបរគោយន្តឈ្មោះណែមចាន់វ៉ាន់ថៃភេទប្រុសអាយុ៣០ឆ្នាំនៅភូមិ-ឃុំប្ញស្សីក្រោកស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យត្រូវបានឃាត់ខ្លួនបាននៅមុខការ៉ាស់សាំងរហាត់ទឹក។

សមត្ថកិច្ចបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុមានគោយន្តកែច្នៃមួយគ្រឿងដឹកពាងគ្មានផ្លាកលេខដែលធ្វើដំណើរតាមបណ្តោយផ្លូវជាតិទិសដៅពីជើងទៅត្បូង(បើកបរក្នុងស្ថានភាពស្រវឹង)លុះដល់ត្រង់ចំណុចខាងលើបានរេចង្កូតចូលជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកស្មាស់ផលិតឆ្នាំ២០០៩ពណ៌ខ្មៅលេខតួ+លេខម៉ាស៊ីន២៥៣៧៩៨ពាក់ស្លាកលេខន.បI.៣៣២០ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាបណ្តាលឲ្យស្លាប់ទាំង២នាក់នៅនឹងកន្លែងកើតហេតុ។ចំណែកម៉ូតូរងការខូចខាតធ្ងន់គោយន្តច្នៃខូចស្រាល។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី។រីឯមធ្យោបាយទាំង២គ្រឿងត្រូវបានយកទៅរក្សាទុកនៅអធិការនគរបាលស្រុកមង្គលបូរីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

 

មតិយោបល់