សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង ១៧ និង៣០នាទី មានករណីក្មេងលង់ទឹកស្លាប់ នៅប្រឡាយទឹក ស្ថិតនៅភូមិរំដេង ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប ។
សពឈ្មោះ សួង សូយឿ ភេទស្រី អាយុ១២ឆ្នាំ មុខរបរជាសិស្ស រស់នៅភូមិរំដេង ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប ។
លោកវរសេនីយ៍ឯក អ៊ុន ស្រស់ អធិការនៃអធិការដ្ឋាននគរបាលស្រុកស្រីស្នំបានអោយដឹងថា ក្រោយទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍រដ្ឋបាលត្រាំសសរបានចុះដល់កន្លែងកើតហេតុ ពិនិត្យនិងធ្វើកោសល្យវិនិច្ឆ័យលើខ្លួនប្រាណសាកសព ហើយពិនិត្យឃើញផ្នែកក្បាលមានស្លាកស្នាម របកថ្ងាសចំនួន ០២កន្លែង ខ្លួនប្រាណផ្នែកខាងខ្នងសព មានស្លាកស្នាមរបកស្បែកក្រោមស្លាបប្រជៀវផ្នែកខាងស្តាំ ០១កន្លែង ហើយនិងមានស្លាកស្នាម របកនៅឆ្អឹងជំនីរផ្នែកខាងស្តាំចំនួន ០៣កន្លែង ។
តាមការបំភ្លឺរបស់កុមារីឈ្មោះ សួង សូរិយា អាយុ ១២ឆ្នាំ ជាសិស្ស បានរៀបរាប់ឲ្យដឹងថា កុមារីឈ្មោះ វ៉ាត់ ណាំវ៉ាន អាយុ១០ឆ្នាំ ជាសិស្ស បានបបួលពួកគាត់ ទៅស្ទូចត្រី នៅប្រឡាយធារាសាស្ត្រស្ទឹងស្រែង នៅចំណុចកើតហេតុ ខាងភូមិរំដេង ចម្ងាយប្រហែល ៨០០ម៉ែត្រ ។ ពេលទៅដល់កន្លែងកើតហេតុជនរងគ្រោះ បានចុះលេងទឹកប្រឡាយនៅមុខលូ ទឹកហូរគួចជនរងគ្រោះចូលជាប់ក្នុងរន្ធលូ ហើយពួកគាត់បានរត់ទៅហៅអ្នកភូមិឲ្យមកជួយសង្គ្រោះ ពេលទាញក្មេងរងគ្រោះចេញពីលូបានមក តែជនរងគ្រោះបានស្លាប់បាត់ហើយ ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ក្មេងរងគ្រោះនេះពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដមែន ហើយមិនមែនអ្វីដែលពាក់ព័ន្ធនឹងករណីព្រហ្មទណ្ឌឡើយ ។
ក្រោយពិនិត្យ និងធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានប្រគល់សពក្មេងរងគ្រោះជូនលោកតា ជិម សួង ដែលជាអាណាព្យាបាល យកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់