បាត់ដំបងៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ កម្លាំងជំនាញរបស់សាខា ក.ប.ប. ខេត្តបាត់ដំបង បានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុក និងអាជ្ញាធរស្រុកកំរៀង បានចុះត្រួតពិនិត្យ សាច់មាន់-ស្លាបមាន់ , សាច់ជ្រូក , គ្រឿងក្នុងជ្រូក និងប្រហិតចម្រុះ សរុបចំនួន ១,៩០០ គីឡូក្រាម ដែលឈ្មួញនាំចូលពីបរទេសតាមព្រំដែនស្រុកកំរៀង ខេត្តបាត់ដំបង ហើយត្រូវបានសមត្ថកិច្ចឃាត់ចាប់បាន កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២៣និង០០នាទីយប់ ។
ក្រោយការត្រួតពិនិត្យ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើការសន្និដ្ឋានថា៖ ការដឹកជញ្ជូន ការវេចខ្ចប់ និងសីតុណ្ហភាពទំនិញមិនត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ធ្វើឱ្យទំនិញដែលជាសាច់ស្រស់ ត្រូវបានប្រែប្រួល ខូចគុណភាព មានចម្លងមេរោគ ពុំសមស្របសម្រាប់យកទៅធ្វើជាអាហារមនុស្ស បរិភោគបានឡើយ។
ដើម្បីការពារសុខភាពជូនប្រជាពលរដ្ឋ និងដោយមានការឯកភាព ពីឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចចម្រុះបានធ្វើការដុតកម្ទេចចោលទំនិញខូចគុណភាពទាំងនោះ នៅរសៀលថ្ងៃ ខែ និងឆ្នាំដដែល ៕
មតិយោបល់