ព័ត៌មានសិល្បៈ និងកម្សាន្ត

Jungkook សមាជិក BTS ត្រូវគេប្រដូចទៅនឹងកំពូលតារាចម្រៀង Michael Jackson ថាមានស្ទិលចម្រៀងសម្តែងស្រដៀងគ្នា

 

(កូរ៉េ)៖ អ្នកលេងអ៊ីនធើណែតជាច្រើន ក្នុងចំណោមនោះមានអ្នកជំនាញផ្នែកតន្ត្រីម្នាក់ បានបង្ហោះសារលើបណ្តាញសង្គម ពីសមត្ថភាព និងទេពកោសល្យរបស់ Jungkook សមាជិកក្រុម BTS ដោយសរសើរថា ការសម្តែងរបស់គេ គឺល្អបំផុតមួយនៅក្នុងវិស័យ Kpop។

អ្នកជំនាញតន្ត្រី ដែលមានឈ្មោះ Kim Young Dae បានសរសេរអត្ថបទមួយ សម្រាប់ទស្សនាវដ្តី «Rolling Stones Korea» ដោយពិនិត្យមើលបទចុងក្រោយ របស់ក្រុម BTS គឺបទ «Butter»។ ហើយនៅក្នុងអត្ថបទនោះ លោកបានសរសើរ Jungkook ចំពោះវត្តមានរបស់តារាប្រុសរូបនេះនៅលើឆាក ហើយបានប្រៀបធៀប Jungkook ទៅនឹង Michael Jackson និង Bruno Mars ថែមទៀត។

លោកបានសរសេរថា «Jungkook ពូកែណាស់ ក្នុងការបង្កើតអារម្មណ៍ទៅតាមចង្វាក់ភ្លេង និងការសម្តែងរបស់គាត់ម្តងៗពិតជារស់រវើក ដែលគាត់បានរំលឹកខ្ញុំ ឲ្យចង់ចាំពី Michael Jackson និង Bruno Mars»។

គួរជម្រាបថា នេះមិនមែនជាលើកទី១នោះទេ ដែលតារាចម្រៀងក្នុងក្រុមល្បី BTS រូបនេះ ត្រូវបានមហាជនសរសើរថា មានទេពកោសល្យដូចទៅនឹងកំពូលតារាចម្រៀង Michael Jackson រហូតដល់មានអ្នកខ្លះនិយាយដាក់លោកថា Michael Jackson ប្រចាំប្រទេសកូរ៉េខាងត្បូងផងដែរ៕

ប្រភព៖ Koreaboo

 

មតិយោបល់