ព័ត៌មានជាតិ

ក្មេងស្រី២នាក់ តាមយាយទៅស្រែ ហើយសុំមកផ្ទះមុន បែរនាំគ្នាងូតទឹកប្រឡាយលង់ស្លាប់

បន្ទាយមានជ័យ: ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ក្មេងស្រីចំនួន០២នាក់ បានបាត់បង់ជីវិត ខណ:តាមយាយទៅស្រែ ហើយសុំយាយត្រឡប់មកផ្ទះមុន បែរជានាំគ្នាងូតទឹកប្រឡាយលេង ។

ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង០២និង៤០នាទី រសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចប្រឡាយទឹកវាលក្បាលគោ ចម្ងាយ២,៥០០ម៉ែត្រពីភូមិគោកព្រិច ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

តាមប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសូភី បានឲ្យដឹងថា កុមារីរងគ្រោះទាំង០២នាក់ ១/-ឈ្មោះ វឿត យ៉ុង អាយុ៧ឆ្នាំភេទស្រី.នៅភូមិគោកព្រិច ឃុំសូភី ស្រុកអូរជ្រៅ, ២/-ឈ្មោះ សៅ លីយ៉ាន អាយុ៦ឆ្នាំ ភេទស្រី នៅភូមិគោកព្រិច ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្មេងទាំង០២នាក់នេះជាបងប្អូនជីដូនមួយនឹងគ្នា ហើយឪពុកម្តាយទៅធ្វើការ នៅប្រទេសថៃទាំងអស់គ្នា ទុកកូនឲ្យនៅជាមួយដីដូន ឈ្មោះ អៀន រ៉េត អាយុ៥២ឆ្នាំ នៅភូមិគោកព្រិច ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ប្រភពដដែលបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ក្មេងៗចំនួន០៥នាក់ បានទៅតាមឈ្មោះ អៀន រ៉េត ដែលត្រូវជាជីដូនគាត់ទៅមើលស្រែ បន្ទាប់មកក្មេង០៣នាក់ ក្នុងនោះមានក្មេងរងគ្រោះ០២នាក់ផង បានប្រាប់ជីដូនថាសុំមកផ្ទះមុន ពេលដើរមកឆ្ងាយបន្តិចក្មេងរងគ្រោះទាំង០២នាក់ បានចុះងូតទឹកប្រឡាយលេង ដែលមានជម្រៅប្រហែលជា០២ម៉ែត្រ និងម្នាក់ឈរមើលលើគោក ។ ពេលឃើញក្មេងស្រីរងគ្រោះទាំង០២នាក់លង់ទឹក ក្មេងម្នាក់ដែលឈរមើលនោះ បានរត់ទៅហៅជីដូននៅឯស្រែ ពេលមកដល់ចុះស្រង់យកក្មេងទាំង០២នាក់នោះ ទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកអូរជ្រៅ ពេលទៅដល់គ្រូពេទ្យបានប្រាប់ថា ក្មេងទាំង០២នាក់បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ។

តាមក្រុមគណ:កម្មការត្រួតពិនិត្យសាកសព. (រួមមាន)
១-លោក វ/ត្រី លន់ វ៉ា នាយប៉ុស្ដិរដ្ឋបាលសូភី
២-លោក ហម គឹមវិត.ជំទប់ទី១ឃុំសូភី
៣-លោក សន សុផល ប្រធានមណ្ឌលសុខភាពសូភី
៤-លោក ប៉ក សុផាន មេភូមិគោកព្រិច

បានសន្និដ្ឋានថា សាកសពពិតជាលង់ទឹកស្លាប់ពិតប្រាកដម៉ែន ហើយបច្ចុប្បន្នសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់